កណ្តាលៈ កាលពីថ្ងៃទី៥ ខែវិច្ឆកា ឆ្នាំ២០១៧ វេលាម៉ោង៧ និង១០នាទីយប់ បង្កឲ្យមានករណីហិង្សា ដោយចេតនាមួយ រហូតឈានដល់របួសស្នាមយ៉ាងធ្ងន់ធ្ងរ ស្ថិតនៅក្នុង ភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះម្នាក់ឈ្មោះ វ៉ាន់ ដេត ភេទប្រុស អាយុ២២ឆ្នាំ ជិះម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៣
ពាក់ស្លាកលេខ ភ្នំពេញ1BV-5912 និងជនសង្ស័យ ឈ្មោះ វ៉េង សំអាង ភេទប្រុស អាយុ២០ឆ្នាំ ទាំង២នាក់ ស្នាក់នៅ ភូមិឃុំកើតហេតុខាងលើ។
ប្រភពដដែល បានបន្តថា មុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យបានផឹកស្រាថ្នាំជាមួយគ្នា រួមនិងមិត្តភក្តិម្នាក់ទៀតឈ្មោះស៊ីវ ប៊ុនរ៉ុង ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិកើតហេតុ នៅត្រង់ផ្ទះរបស់ ឈ្មោះដូច ភេទប្រុស អាយុប្រហែល៣២ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ ពេលដែលកំពុងផឹកស្រាថ្នាំ ឈ្មោះស៊ីវ ប៊ុនរ៉ុង និងឈ្មោះវ៉េង សំអាង បានឈ្លោះប្រកែកគ្នា លុះដល់វេលាម៉ោងកើតហេតុ ជនសង្ស័យបានដើរចេញមកផ្ទះរបស់ខ្លួនវិញ លុះដើរពាក់កណ្ដាលផ្លូវស្រាប់តែឈ្មោះស៊ីវ ប៊ុនរ៉ុង និងឈ្មោះវ៉ាន់ ដេត បានជិះម៉ូតូមួយគ្រឿង មកតាមព្រួតវាយឈ្មោះវ៉េង សំអាង ពេលនោះឈ្មោះវ៉េង សំអាងបាន ខឹងក៏រត់ទៅផ្ទះរបស់ខ្លួនយកកាំបិតកញ្ចែតប្រវែង៥៥សង់ទីម៉ែត្រ ដងឈើប្រវែង២៥សង់ទីម៉ែត្រ ផ្លែដែកប្រវែង៣០សង់ទីម៉ែត្រ មកកាប់ឈ្មោះវ៉ាន់ ដេត ចំនួនបីកាំបិតចំស្មាខាងស្ដាំមួយកាំបិតដេរចំនួន៧ថ្នេរ ចំដើមដៃខាងឆ្វេងមួយកាំបិតដេរចំនួន៥ថ្នេរ និងចំម្រាមកូនដៃ មួយកាំបិតដេរចំនួន៣ថ្នេរ សរុបដេរចំនួន១៥ថ្នេរ។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋមួយក្រុម បានផ្ដល់ព័ត៌មានតាមរយៈទូរសព្ទ មកកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាល បានចុះទៅដល់កន្លែងកើតហេតុ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង យកមកប៉ុស្តិ៍ដើម្បីសួរនាំ និងបន្តសុំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់