ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ នៅពោធិ៍សាត់

​ពោធិ៍សាត់ៈ លោកវរសេនីយ៍ទោ ឃុន សារឿន អនុប្រធានការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងរវាងរថយន្ត បើកទៅបុកម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់ភ្លាមៗ នៅនឹងកន្លែង។

ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង១២ និង៣០នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈ លឹម ហ៊ង ស្ថិតក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡេង វណ្ណា ភេទប្រុស អាយុ៥៦ឆ្នាំ បើកបរម៉ូតូម៉ាកហុងដា សេ១០០ ពណ៌ខ្មៅ ពាក់ស្លាក 1ឈ-1725 ស្នាក់នៅភូមិលលកស សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងអ្នករួមដំណើរឈ្មោះ សុទ្ធ លីដា ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅភូមិយួស ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ចំណែករថយន្តបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់លាស់នោះទេ បើករថយន្តមួយគ្រឿង ពាក់ស្លាកលេខ 3C-7287 ពណ៌ស លាយក្រហម បានរត់គេចខ្លួនបាត់ស្រមោល។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តបង្ក បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត ចំណែកឯភាគីខាងម៉ូតូ បានធ្វើដំណើរ ពីជើងទៅត្បូង ឆ្លងកាត់ផ្លូវ លុះដល់ចំណុចកើតហេតុ រថយន្តក្រុងបានបុកពន្លះម៉ូតូ ពេញមួយទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូ របួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់ភ្លាមៗនៅនឹងកនែ្លងកើតហេតុ រួចបញ្ជូនជនរងគ្រោះ មកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយឃើញអការៈរបស់ជនរងគ្រោះ មានសភាពធ្ងន់ធ្ងរ ក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងទាំង២ មករក្សាទុកនៅឯអធិការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីកសាងសុំណុំរឿង បន្តទៅតាមនិតិវធីច្បាប់។ ចំណែកសាកសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់