ព័ត៌មានអន្តរជាតិ

កងទ័ពនាវាជើងទឹកអាមេរិក ជប៉ុន និងឥណ្ឌា ធ្វើសមយុទ្ធរួមគ្នា នៅដែនសមុទ្រប្រទេសជប៉ុន

ជប៉ុនៈ នាវាចម្បាំងរបស់អាមេរិក ឈ្មោះ USS Ronald Reagan បានធ្វើសមយុទ្ធរួមគ្នារយៈពេល ៣ ថ្ងៃ ជាមួយនាវាពិឃាតជប៉ុន និងនាវាចម្បាំងឥណ្ឌា ២គ្រឿងទៀត នៅក្នុងដែនសមុទ្រប្រទេសជប៉ុន។ នេះបើយោងតាមសារព័ត៌មាន Channel NewsAsia ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា​ ឆ្នាំ២០១៧។

សមយុទ្ធនេះ ត្រូវបានបញ្ចប់កាលពីថ្ងៃច័ន្ទ ដែលកើតឡើងចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង នៅក្នុងតំបន់ដែលកូរ៉េខាងជើងបានធ្វើតេស្តនុយក្លេអ៊ែរ និងបាញ់មីស៊ីលផ្លោង ខណៈដំណើរទស្សនកិច្ចរយៈពេល ១២ ថ្ងៃរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មកកាន់តំបន់អាស៊ីបានចាប់ផ្តើម នៅក្នុងប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ។

កងកម្លាំងការពារដែនសមុទ្ររបស់ជប៉ុន បាននិយាយនៅក្នុងថ្លែងការណ៍មួយថា សមយុទ្ធនេះ បានជួយបង្កើនជំនាញប្រយុទ្ធ និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសឥណ្ឌា។

សូមជំរាបថា នាវាចម្បាំងអាមេរិក Reagan មានទម្ងន់ ១០០,០០០ តោន បានស្ថិតនៅមូលដ្ឋានទ័ព ក្នុងប្រទេសជប៉ុន ដើម្បីធ្វើសមយុទ្ធ ហើយក៏មានវត្តមានចូលរួមពីយន្តហោះចម្បាំងជប៉ុន ប្រហែល ៧០ គ្រឿង និងនាវាចម្បាំងដ៏មានឥទ្ធិពលបំផុតរបស់កងទ័ពជើងទឹកអាមេរិក នៅអាស៊ីផងដែរ៕

មតិយោបល់