ព័ត៌មានជាតិ

កាត់ទោសស្ត្រីខ្មែរម្នាក់ និងបុរសជនជាតិ នីហ្សេរីយ៉ា ៣នាក់ រឿងលក់គ្រឿងញៀនក្នុងបុរីពិភពថ្មី

ភ្នំពេញ: នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោស ស្ត្រីខ្មែរម្នាក់ និងបុរសជនជាតិ នីហ្សេរីយ៉ា ៣នាក់ ពាក់ព័ន្ធសំណុំរឿង ជួញដូរគ្រឿងញៀន នៅក្នុងបុរីពិភពថ្មីត្រពាំងថ្នឹង ។

លោក ស៊ិន វិរ: ជាតំណាងអយ្យការនៃអង្គសវនាការបានចោទប្រកាន់លើជនជាប់ចោទ៖
-ទី១ឈ្មោះ Okereafor Chidi Martin ហៅ ម៉ាទីន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា
-ទី២ឈ្មោះ Ezeobi Chukwuebuka Sunshine ហៅ សាន់សាញ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា
-ទី៣ឈ្មោះ អ៊ីមីមេកឃ្វីជីហ្គោហ្យី អាន់ឌ្រូ ហៅ អាន់ឌ្រូ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា
-និងទី៤ឈ្មោះ លន់ គឹមលី ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ

ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុ ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់ ៥៦,៧២ក្រាម ប្រព្រឹត្តកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង បុរីពិភពថ្មី ត្រពាំងថ្នឹង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ យោងតាមមាត្រា ៤០នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

នៅក្នុងសវនាការជនជាប់ចោទឈ្មោះ Okereafor Chidi Martin ហៅ ម៉ាទីន បានឆ្លើយថា នៅថ្ងៃកើតហេតុមានមិត្តភក្តិរបស់ខ្លួនម្នាក់ឈ្មោះ អៃ សៃយ៉ា ប្រើឱ្យយកកញ្ចប់សាប៊ូ ទៅឱ្យមិត្តភក្តិរបស់គេម្នាក់ទៀត។ នៅពេលខ្លួនកំពុងតែជិះយកកញ្ចប់នោះទៅ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តងទៅ។ ក្រោយសមត្ថកិច្ចចាប់ខ្លួនបាន សមត្ថកិច្ចបានឱ្យនាំទៅចាប់ខ្លួនបក្ខពួកជាជនសង្ស័យចំនួន ៣នាក់ទៀត ដែលកំពុងស្នាក់នៅបុរីពិភពថ្មី ត្រពាំងថ្នឹង។

ទោះជាយ៉ាងណានៅព្រឹកនេះតុលាការបានសាកសួរដេញដោលតែជនជាប់ចោទឈ្មោះ ឈ្មោះ Okereafor Chidi Martin ហៅ ម៉ាទីន ម្នាក់ប៉ុណ្ណោះ ដោយសម្រេចលើកពេលទៅបន្តសវនាការនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះខាងមុខវិញ៕

//youtu.be/4hI2DS2f_S4

មតិយោបល់