ភ្នំពេញៈ ជនសង្ស័យជួញដូរគ្រឿងញៀនចំនួន២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កន្ទោក ធ្វើការចាប់ឃាត់ខ្លួនដកហូតបានថ្នាំញៀនជាង១០កញ្ចប់។ កាលពីវេលាម៉ោង៨ និង២០នាទី ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួល៣២ហ្សេ ក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ឃាត់ខ្លួនបានខាងលើទី១ឈ្មោះ ជា សំណាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំបូកខ្ពស់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ និងជនសង្ស័យទី២ឈ្មោះ ម៉ៅ សុខម៉េត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាភេម សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។ ចំណែកសម្ភារៈដកហូតបានថ្នាំញៀន១៦កញ្ចប់ ក្នុងនោះមានកញ្ចប់តូចចំនួន១៥ និងធំ១កញ្ចប់ រួមនិងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។
សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កន្ទោក បានដឹកនាំកម្លាំងចុះល្បាតក្នុងមូលដ្ឋាន ដល់ចំណុចមុខបន្ទប់ខាងលើដោយមានការសង្ស័យទើបសមត្ថកិច្ចឆែកឆេរ និងឃាត់ខ្លួនត្រួតពិនិត្យស្រាប់តែប្រទះឃើញថ្នាំញៀនតែម្តង ។
សមត្ថកិច្ចបានបន្តថា ខណៈដែលសមត្ថកិច្ចកំពុងត្រួតពិនិត្យទៅលើជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន ក៏មានមនុស្ស២នាក់ផ្សេងទៀត ព្យាយាមរត់គេចចូលសម្ងំក្នុងបន្ទប់ ត្រូវបានសមត្ថកិច្ចហៅមកធ្វើការពិនិត្យសាកសួរដែរ។ ក្នុងនោះទី១ឈ្មោះ ហួន វីរៈ ភេទប្រុស អាយុ២៩ឆ្នាំ បើកបររថយន្ត ស្នាក់នៅភូមិបឹងធំ១ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ និងទី២ឈ្មោះ កេត បូណាជី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រៃរមាស សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ។ ប៉ុន្តែមនុស្ស២នាក់ឃាត់ខ្លួនក្រោយគេ ពុំមានថ្នាំញៀននៅជាប់នឹងខ្លួនឡើយ បើតាមការសន្និដ្ឋាន ជាអ្នកមករកទិញថ្នាំញៀនយកទៅប្រើប្រាស់ ។
ក្រោយពីឃាត់ខ្លួនបានជនសង្ស័យ២នាក់ ជាប់ពាក់ព័ន្ធជួញដូរគ្រឿងញៀន និងមនុស្ស២នាក់ផ្សេងទៀតសង្ស័យជាប់ពាក់ព័ន្ធទៅនឹងប្រើប្រាស់គ្រឿងញៀន ត្រូវបាននាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍កន្ទោក ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕
https://youtu.be/t0pyUvg-2Ns
មតិយោបល់