ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តនិងរថយន្ត បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២ និង២០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ចន្លោះ គីឡូម៉ែត្រ១៧៣-១៧៤ ស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្តបង្ក ធុនធំ១គ្រឿង ម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ3A-1687 បើកបរដោយឈ្មោះ ជឿន សុខុន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ អ្នកបើកបរ(របួសបាក់ជើងឆ្វេង) ស្នាក់នៅខេត្តត្បូងឃ្មុំ ក្នុងទិសដៅពីភ្នំពេញ ឆ្ពោះទៅព្រះសីហនុ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតបុកកៀររថយន្តធុនធំ១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ3A-2886 របស់ក្រុមហ៊ុន មុំ សម្ផស្ស បើកបរដោយឈ្មោះ ងឹម វ៉ា ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរ បើកបរ ស្នាក់នៅស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានទិសដៅបញ្ច្រាសគ្នា។
ជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅគ្លីនិកលិគឹមឌី វាលរេញភ្លាមៗផងដែរ។
ប្រភពដដែលបានបញ្ជាក់ថា នៅលើរថយន្ត FUSO មានស្រាបៀរកម្ពុជា នៅក្នុងកាប៊ីនជិតអ្នកបើកបរទៀតផង។
ក្រោយពេលកើតហេតុ សតមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយករថយន្តទាំង២គ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕
មតិយោបល់