ព័ត៌មានជាតិ

ច្រើនដល់ម្លឹង! ចុះឆែកឆេរផ្ទះមួយកន្លែង រកឃើញសុទ្ធតែសាច់សត្វព្រៃខុសច្បាប់យ៉ាងច្រើន!

កំពង់ស្ពឺ: កម្លាំងមូលដ្ឋានស្រុកភ្នំស្រួច សហកាជាមួយ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមនឹងក្រុមអន្តរាគមន៏បង្ក្រាបបទល្មើសសត្វព្រៃចល័ត អធិការនគរបាលស្រុក នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ បានឆ្មក់ចូលឆែកឆេរផ្ទះលក់សាច់សត្វព្រៃមួយកន្លែង ស្ថិតនៅចំណុចផ្ទះលក់ផ្សិតក្រៀម ៩៩៩ ម្ចាស់ត្រូវបានគេស្គាល់ឈ្មោះ សៀក សុជាតិ ភេទប្រុស អាយុ៣២ឆ្នាំ ជាម្ចាស់ផ្ទះ រស់នៅក្នុងភូមិចេក (ស្រែខ្លុង) ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្នុងនោះបានរឹបអូសសត្វព្រៃជាច្រើនមុខរួមមាន ពង្រូលរស់១ក្បាល (ទម្ងន់៦,១០ គីឡូក្រាម), អន្សងរស់១ក្បាល (ទម្ងន់៣,១០ គីឡូក្រាម),អណ្តើកភ្នំរស់ ចំនួន៨ក្បាល (ទម្ងន់៨,៥០គីឡូក្រាម),អណ្តើកផ្កាយរស់ ចំនួន១ក្បាល (២គីឡូក្រាម),សំពោចក្រអូបងាប់ ចំនួន២ក្បាល (ទម្ងន់១,៣០គីឡូក្រាម),សំពោចវល្លិ៍ងាប់ ចំនួន២ក្បាល (ទម្ងន់៣,៥០គីឡូក្រាម),ពង្រូលងាប់ ១ក្បាល (ទម្ងន់ ២.២០គីឡូក្រាម),ក្បាលប្រើសជាប់ស្នែង ចំនួន១ក្បាល, ឆ្អឹងក្បាលកេងកង ចំនួន១ក្បាល, សាច់ឈ្លូសស្រស់ (ចំនួន១គីឡូក្រាម), ឆ្អឹងឈ្លូសក្រៀម (ទម្ងន់ ៣គីឡូក្រាម), ក្រចកខ្លាឃ្មុំ (ចំនួន៤១ក្រចក), ខ្នាយជ្រូកព្រៃ (១១ខ្នាយ),ចង្កូមឆ្កែព្រៃ (២៣ចង្កូម), ឈាមរញីលាយស្រា ចំនួន (១.៥០លីត្រ),ឈាមឈ្លូសលាយស្រា (ចំនួន៤លីត្រ)
បច្ចុប្បន្ន វត្ថុតាងយកមករក្សាទុកនៅរដ្ឋបាលព្រៃឈើ គីរីវន្ត័ ចំណែកជនសង្ស័យកំពុងកសាងសំណុំរឿងតាមនិតិវិធីច្បាប់។

សូមបញ្ជាក់ថា ចំណុចខាងលើជាតំបន់លក់សាច់សត្វ ឆ្អឹងសត្វ រួមទាំងវត្ថុខុសច្បាប់ជាច្រើនប្រភេទ ហើយកន្លងមកក៏មានការបង្ក្រាបជាបន្តបន្ទាប់ផងដែរ៕

មតិយោបល់