ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង របួសធ្ងន់បីនាក់

ភ្នំពេញៈ កាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូ បុកគ្នាពេញទំហឹង លាន់ឮដូចរន្ទះ បណ្ដាលឲ្យរងរបួសធ្ងន់បីនាក់ ដែលហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើងនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុមានបុរសម្នាក់ ឈ្មោះ ផាប់ ចណ្ឌី ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិត្រពាំងអំពិល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានជិះម៉ូតូម្នាក់ឯង ម៉ាកឌ្រីមសេ១២៥ សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GL-9905 តាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចចេញម៉ូតូមួយគ្រឿងទៀត ម៉ាកស្មាស់វី ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1AR -3259 ជិះគ្នានាក់ ដែលទី១មានឈ្មោះ អាន សារឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវជាឪពុក និងទី២. ជាកូនមានឈ្មោះ រឿន សារុំ ភេទប្រុស អាយុ១៨ មុខរបរកម្មករសំណង់ ស្នាក់នៅក្រុងតាខ្មៅជាមួយគ្នា ដោយអ្នកទាំងពីរមានស្រុកកំណើត ក្នុងភូមិជ្រៃឃុំនគររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង បានជិះម៉ូតូយ៉ាងលឿន ក្នុងទិសដៅពីជើងទៅត្បូង បានវ៉ាខាងឆ្វេងរថយន្ត ដឹកកម្មកររោងចក្រមួយ មិនចាំម៉ាក ក៏ជ្រុលទៅបុកនឹងម៉ូតូម៉ាកឌ្រីមខាងលើពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ភាគីទាំងសងខាងចំនួនបីនាក់។

ប្រភពដដែលបានបន្តថា អ្នកបើកម៉ូតូឌ្រីម បានរងរបួសធ្ងន់ដាច់កែងជើងខាងស្តាំ រីឯឪពុកកូនពីរនាក់រងរបួសធ្ងន់ ដោយឪពុកបែកក្បាលខាងឆ្វេង ចំណែកកូនបាក់ជើងខាងស្តាំ។

ក្រោយកើតហេតុជនរងគ្រោះពីរនាក់ឪពុកកូន ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យពន្លឺ ដែលមានទីតាំងនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយជនរងគ្រោះ ដែលជិះម៉ូតូឌ្រីមម្នាក់ឯង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីរងចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ៕

មតិយោបល់