ព័ត៌មានជាតិ

បើករថយន្តបុកម៉ូតូ២គ្រឿង ស្លាប់ម្នាក់របួសស្រាលម្នាក់ នៅស្រុកខ្សាច់កណ្ដាល

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណ:ដែលយុវជនម្នាក់ បើករថយន្តទៅបុកម៉ូតូ២គ្រឿង បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់ និងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៨ចន្លោះគីឡូម៉ែត្រ២៧-២៨ ចំណុចភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

នគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា បង្កឡើងដោយរថយន្តម៉ាកHyundia ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2H-6756 បើកបរដោយឈ្មោះ ង៉ែត ពុធ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិចំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត។ បើកបរនៅក្នុងទិសដៅពីត្បូងបត់ទៅលិច(មិនមានរងរបួស) លុះមកដល់កន្លែងកើតហេតុរថយន្តខាងលើបានបើកចេញពីសិប្បកម្មផលិតទឹកត្រីនៅភូមិអន្លង់បំរ៉ុងទៅលក់អេតចាយលុះមកដល់កន្លែងកើតហេតុបានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក Wave ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1K-0297 បើកបរដោយឈ្មោះ មួន សល់ ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(ស្រាល)បើកបរនៅក្នុងទិសដៅពីលិចទៅកើត ហើយរថយន្ត ខាងលើបានបើកទៅ បុកនឹងម៉ូតូមួយគ្រឿងទៀតម៉ាក Today(ចតនៅស្ងៀម)ពណ៌ខ្មៅ គ្មានស្លាកលេខ។ បើកបរដោយឈ្មោះ ខៀវ ស្រី ភេទស្រី អាយុ៦៣ឆ្នាំ នៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(ស្លាប់នៅកន្លែងកើតហេតុ)។ ចំណែកសម្ភារ:ខូចខាតរថយន្តមួយគ្រឿង(ស្រាល)ម៉ូតូពីរគ្រឿង(ស្រាលមួយគ្រឿងធ្ងន់មួយគ្រឿងម៉ាកToday)។ ចំណែកអ្នកបើកបររថយន្តខាងលើត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនមកកាន់អធិការនគរបាល ចំពោះសម្ភារ:ត្រូវបានសមត្ថកិច្ចជំនាញយកមករក្សាទុកនៅអធិការនគរបាលស្រុកដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់