ផ្ទះ ព័ត៌មានជាតិ ជនសង្ស័យ ៣នាក...

ជនសង្ស័យ ៣នាក់ ត្រូវនគរបាលឃាត់ខ្លួន ករណីវាយប្លន់យកទូរស័ព្ទដៃ បុគ្គលិកហាងមីតអ៊ែនអ៊ីត

0

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលខណ្ឌដូនពេញ ចាប់ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីលួចមានស្ថានទម្ងន់ទោស (វាយប្លន់យកទូរស័ព្ទដៃ) នៅចំណុចមុខផ្ទះលេខ៩អា៦ ផ្លូវ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៣ និង៣០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ។

មន្ត្រីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យទាំង០៣រួមមាន ៖ ១-ឈ្មោះ ហឿម ភីម ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ (រកស៊ីផ្លូវភេទ) ទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន) ។ ២-ឈ្មោះ វ៉ុន ដេត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ទីលំនៅមិនពិតប្រាដក (ឃាត់ខ្លួន) ។ ៣-ឈ្មោះ ណាត ម៉ានាត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ (ឃាត់ខ្លួន) ។ (ទាំង០៣នាក់មានសារធាតុញៀនក្នុងទឹកនោម) ។ ចំណែកឯជនរងគ្រោះឈ្មោះ ធា ចំណាប់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាងមីតអ៊ែនអ៊ីត ស្នាក់នៅហាងមីតអ៊ែនអ៊ីត ផ្លូវលេខ៦៣ កែង២៥២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

វត្ថុតាងរួមមាន ៖ ១-ទូរស័ព្ទដៃមួយគ្រឿងម៉ាក OPPO F9 ពណ៌ខៀវ (ប្រគល់ឲ្យជនរងគ្រោះយកទៅរក្សាទុកជាបណ្តោះអាសន្ន) ។ ២-ម៉ូតូមួយគ្រឿងម៉ាក VIVA 110 ពណ៌ក្រហមលាយខ្មៅ ផ្លាកលេខ ភ្នំពេញ 1O-7655 លេខតួ+លេខម៉ាស៊ីន104962 (ជារបស់ជនសង្ស័យឈ្មោះ វ៉ុន ដេត) ។

ប្រភពដដែលបានបន្តថា ៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៣ និង៣០នាទី ជនរងគ្រោះឈ្មោះ បានជិះម៉ូតូ ចេញពីហាងនៅមួយសង្កាត់ចតុមុខ ខណ្ឌដូនពេញ មករកស្ត្រីរកស៊ីផ្លូវភេទនៅម្តុំវត្តភ្នំ ពេលមកដល់បានជួបជនសង្ស័យ រួចតថ្លៃត្រូវរូវគ្នាតម្លៃ១០$ (ដប់ដុល្លាអាមេរិក) ហើយជនរងគ្រោះបានដឹកជនសង្ស័យ ទៅដេកនៅផ្ទះសំណាក់មួយកន្លែង នៅម្តុំខណ្ឌទួលគោក ពេលទៅដល់ផ្ទះសំណាក់ ជនសង្ស័យបានខ្ចីទូរស័ព្ទដៃជនរងគ្រោះស្តាប់ចម្រៀងលេង ពេលនោះជនរងគ្រោះបានសុំយកទូរស័ព្ទវិញ តែជនសង្ស័យមិនព្រមឲ្យ ដោយកុហក់ថា ដឹកខ្លួនដល់ផ្ទះបានឲ្យទូរស័ព្ទ ខណ:ជនរងគ្រោះដឹកមកដល់ចំណុចមុខផ្ទះលេខ៩អា៦ ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជនសង្ស័យបានលោតចុះពីលើម៉ូតូ យកទូរស័ព្ទរត់គេច ត្រូវបានជនរងគ្រោះចាប់ប្រទាញប្រទុង ភ្លាមនោះបក្ខពួកជនសង្ស័យឈ្មោះ ណាត ម៉ានាត និងឈ្មោះ វ៉ុន ដេត បានជិះម៉ូតូម៉ាក VIVA 110 ពណ៌ក្រហមលាយខ្មៅ ផ្លាកលេខ ភ្នំពេញ 1O-7655 មកវាយលើជនរងគ្រោះ ដឹករំដោះបក្ខពួកគេចខ្លួន ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ សហការជាមួយជនរងគ្រោះធ្វើការស្រាវជ្រាវ លុះវេលាម៉ោង០៨ និង៣០នាទី នាថ្ងៃខែឆ្នាំដដែល ឃើញជនសង្ស័យទាំង០៣នាក់នៅចំណុចផ្លូវបេតុង ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន រួមនឹងវត្ថុតាង យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ធ្វើការសាកសួរ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕

មតិយោបល់