ព័ត៌មានជាតិ

ជិះម៉ូតូមើលមុខគ្នាសោះ បបួលគ្នាមកព្រួតវាយ ចាក់របួសធ្ងន់ម្នាក់

កណ្តាល: ក្រុមក្មេងទំនើងមួយក្រុមបានផឹកស៊ី រួចជិះម៉ូតូដើរលេង ក៏ជួបប្រទះជាមួយភាគីម្ខាងទៀត មើលមុខ បណ្តាលឲ្យក្រុមក្មេងទំនើងទ្រាំមិនបាន បានបបួលគ្នាមកព្រួតវាយ និងចាក់ របួសធ្ងន់ម្នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុច ខាងមុខការដ្ឋានក្រឡុកស៊ីម៉ង់ដ៍ ខាងក្រោមស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ ស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល។

នគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពេជ្រ សារិទ្ធ ភេទប្រុស អាយុ ២៩ឆ្នាំ ទីលំនៅភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ មុខរបរ បើកបររថយន្តក្រឡុកស៊ីម៉ង់ដ៍ មានទីតាំងនៅត្រង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្រុកកោះធំ រងរបួសមុជនិងដែកស្រួចចំខាងក្រោមដោះខាងឆ្វេង។ ជនសង្ស័យ ២នាក់ ១-ឈ្មោះ សារឿន រាជ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ បើកបររថយន្ត (ឃាត់ខ្លួន) ២-ឈ្មោះ សេង ម៉េងអាន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(ឃាត់ខ្លួន) ។

នគរបាលបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនសង្ស័យ សារឿន រាជ និងមិត្តភក្ដិ បានផឹកស៊ីស្រវឹង រួចហើយនាំគ្នាជិះម៉ូតូទៅលេង នៅចំណុចស្ពានមិត្តភាពកម្ពុជា-ចិន ក្នុងភូមិព្រែកថ្មី ឃុំជ្រោយតាកែវ ។ ពេលជិះទៅដល់ខាងមុខការដ្ឋានក្រុមហ៊ុនចិន ក៏បានជួបកម្មករ២នាក់ ដែលធ្វើការជាមួយជនរងគ្រោះ ពេជ្រ សារិទ្ធ ជិះម៉ូតូបញ្ច្រាសទិសគ្នា រួចហើយបានមើលមុខក្រុមជនសង្ស័យ ។ បន្ទាប់មកក្រុម ជសង្ស័យ សារឿន រាជ បានទៅហៅឈ្មោះ សេង ម៉េងអាន និងគ្នីគ្នាបន្ថែមទៀត ពេលត្រលប់មកវិញដល់ចំណុចកើតហេតុខាងលើ ក៏បានព្រួតគ្នាវាយទៅលើក្រុមជនរងគ្រោះ ដល់ខាងមុខការដ្ឋាន បណ្ដាលឲ្យជនរងគ្រោះ ពេជ្រ សារិទ្ធ រងរបួសមុជត្រង់ខាងក្រោមដោះខាងឆ្វេងតែម្ដង ។ ភ្លាមនោះៗនោះជនសង្ស័យ សារឿន រាជ និង សេង ម៉េងអាន ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយតាកែវ ឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ចំណែកបក្ខពួកសង្ស័យដ៏ទៃទៀតរត់គេចខ្លួនបាត់ ។បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យក្រុងភ្នំពេញ ចំណែកជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់