ព័ត៌មានជាតិ

កម្មករកម្មការិនីរោងចក្រ យ័ងស៊ី ហ្គាមុនិ ដួលសន្លប់ជាង១០នាក់ ដោយសារធំក្លិនពីសិប្បកម្មផ្សេង

ភ្នំពេញៈ រោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ យ័ន ស៊ីហ្គា មុនិ ដែលមានទីតាំងអាគារលេខ១២ ក្នុងសួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កើតមានបញ្ហាកម្មករកម្មការិនីដួលសន្លប់ ផ្តើមចេញពីធំភាយក្លិនថ្នាំ ចេញពីសិប្បកម្មផលិតគ្រឿងសង្ហារឹម តុ ទូ ជាប់នោះ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។

រោងចក្រ យ័ន ស៊ីហ្គា មុនិ អាគារលេខ១២ ស្ថិតនៅក្នុងសួនកាណាឌីយ៉ា មានកម្មករសរុបជាង៤០០នាក់ បម្រើក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ។ ចំណែក សិប្បកម្មផលិត គ្រឿងសង្ហារឹម មានកម្មករសរុបជាង៤០នាក់ ស្ថិតនៅអាគារលេខ១៣ ជាប់គ្នា ក្នុងសួនខាងលើ ។

តាមកម្មករបានឲ្យដឹងថា មុនកើតហេតុខណៈដែលកម្មកររោងចក្រ កំពុងកាត់ដេរ សម្លៀកបំពាក់ ស្រាប់តែនៅវេលាម៉ោងខាងលើ មានធំភាយក្លិនថ្នាំ ចេញពីសិប្បកម្ម អាគារលេខ១៣ ជាប់នោះ ជួលស្ទើរទ្រាំមិនបាន រហូតដល់ កម្មកររោងចក្រ យ័ន ស៊ីហ្គា មុនិ ដួលសន្លប់ ជាបន្តបន្ទាប់ ចំនួន១២នាក់ ភ្លាមៗត្រូវបាន ខាងរោងចក្រដឹកបញ្ជូនទៅមន្ទីរពេទ្យ ផងដែរ ។

តាមកម្មករ ខាងសិប្បកម្ម កែឆ្នៃឈើវិញ បានឲ្យដឹងថា មុនកើតហេតុ សិប្បកម្មផលិត គ្រឿងសង្ហារឹម មានបាញ់ថ្នាំ លាបឈើ តុទូ មិនបានចាប់អារម្មណ៍ថា ភាយក្លិនចេញក្រៅ រហូតដល់ផ្អើលកម្មករ ខាងកាត់ដេរនាំគ្នារត់ចេញក្រៅ ។

ក្រោយពីកម្មករផ្អើលជ្រួលច្របល់រឿងធំក្លិនថ្នាំ កម្មការនីសន្លប់ចំនួន១២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយកម្មកតនៅសល់ ទាំងអស់ត្រូវបាន ក្រុមហ៊ុនអនុញាតិឲ្យសម្រាកមួយព្រឹក ដើម្បីសម្រួលអារម្មណ៍ រង់ចាំ ជំនាញ ពិគ្រោះ រវាង ថៅកែរោងចក្រកាត់ដេរ ជាមួយថៅកែសិប្បកម្ម រឿងធំក្លិនថ្នាំខាងលើ ដោះស្រាយគ្នាជាមុនសិន ៕

មតិយោបល់