បន្ទាយមានជ័យៈ យោងតាមការឲ្យដឹងរបស់លោក សុខ កែវបណ្ឌិត អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ តាមរយៈ Telegram នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា លោក មុយ សុភក្រ ជាចៅក្រមស៊ើបសួរ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ម្សិលមិញ បានចេញដីកាសម្រេចបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទប្រុសស្រី ២នាក់ជាបណ្តោះអាសន្ន ពាក់ព័ន្ធករណី បង្ខំឲ្យកុមារដើរសុំទាន ជាថ្នូរនឹងកាវហិត។
លោក សុក កែវបណ្ឌិត បញ្ជាក់ថាលោកស្រី ឆេង ហាក់ងិង ជាតំណាងអយ្យការបានចោទប្រកាន់លើជនត្រូវចោទទី១ឈ្មោះ ឈៀង វណ្ណរ៉ា ភេទប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងទី២ឈ្មោះ ចូច គង់ ភេទស្រី អាយុ៤៤ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពីបទ ជ្រេីសរេីសមិនស្របច្បាប់សម្រាប់ការកេងប្រវ័ព្ចាន៍ យោងតាមមាត្រា ១២ នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
គួររំលឹកថា ជនត្រូវចោទទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចកាស៊ីណូផ្កាយ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ការឃាត់ខ្លួនបានធ្វើឡើងក្រោយពីសមត្ថកិច្ចជំនាញបានរកឃើញថា ជនត្រូវចោទទាំង២នាក់ខាងលើ បានបង្ខំឲ្យកុមារា កុមារីរងគ្រោះចំនួន ១១ នាក់ដើរសុំទាន នៅក្នុងផ្សាររុងក្លឿក្នុងប្រទេសថៃ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និង នៅក្នុងបរិវេណកាស៊ីណូ ដោយកំណត់ក្នុង ១ថ្ងៃ ម្នាក់សុំទានឲ្យបានប្រាក់ ៥ម៉ឺនរៀល ទើបឲ្យបាយហូប និងកាវហិត បើមិនដូច្នោះទេ នឹងបង្អត់បាយដល់កុមាររងគ្រោះទាំងអស់នោះ៕






មតិយោបល់