ខណៈស្មាតហ្វូនត្រូវបានរចនាអេក្រង់កាន់តែធំឡើងៗ អ្នកប្រើប្រាស់មួយចំនួន ជាពិសេសអ្នកមានប្រអប់ដៃតូច តែងជួបការលំបាកនៅពេលត្រូវការ ឬចង់ចុចបញ្ជាមុខងារផ្សេងៗលើវាដោយប្រើដៃតែម្ខាង។
ទោះយ៉ាងណា មិនថ្វីទេសម្រាប់ស្មាតហ្វូនដើរលើប្រព័ន្ធ Android ជំនាន់ក្រោយៗ។ ព្រោះវាត្រូវបានភ្ជាប់មកជាមួយមុខងារពិសេសមួយ ដែលអាចជួយអ្នកប្រើប្រាស់ដោះស្រាយបញ្ហានេះបានយ៉ាងងាយ។
ដូច្នេះ ដើម្បីអនុញ្ញាតឱ្យប្រិយមិត្តជ្រាប Post Tech សូមលើកយកពីរបៀបប្រើប្រាស់លើស្មាតហ្វូនស៊េរី Huawei និង Samsung មកបង្ហាញជូនដូចខាងក្រោម៖
១- សម្រាប់ស្មាតហ្វូនម៉ាក Huawei ដើរលើប្រព័ន្ធ Android 7.0 និង EMUI 5.1
– ជាដំបូង សូមចូលទៅកាន់កម្មវិធី Settings -> Smart assistance -> One-handed UI
– បន្ទាប់មក ជ្រើសយក Mini screen view រួចចុចកុងតាក់បើកលើមុខងារ Mini screen view ខាងក្នុង ជាការស្រេច។
– បន្ទាប់ពីចុចបើករួច នៅពេលលោកអ្នកចង់ឱ្យអេក្រង់ទូរសព្ទខ្លួនរួមតូចមកកៀកនឹងដៃម្ខាង សូមយកម្រាមដៃអូសលើ Arrow keys ពីស្តាំទៅឆ្វេង ឬពីឆ្វេងទៅស្តាំ ហើយដើម្បីឱ្យអេក្រង់វិលទៅដូចដើមវិញ គឺគ្រាន់អូសបញ្ច្រាស់ទៅវិញប៉ុណ្ណោះ។
២- សម្រាប់ស្មាតហ្វូនម៉ាក Samsung ដើរលើប្រព័ន្ធ Android 6.0.1
– ជាដំបូង សូមចូលទៅកាន់កម្មវិធី Settings -> Advanced features -> One-handed operation
– បន្ទាប់មក សូមចុចលើកុងតាក់បើកលើមុខងារ Reduce screen size ជាការស្រេច។
– បន្ទាប់ពីចុចបើករួច នៅពេលលោកអ្នកចង់ឱ្យអេក្រង់ទូរសព្ទខ្លួនរួមតូចមកកៀកនឹងដៃម្ខាង សូមចុចលើប៊ូតុងចុច Home ជាប់ៗគ្នាចំនួន ៣ ដង ហើយដើម្បីពង្រីកវាវិញ សូមចុចតាមរបៀបដដែល។
សូមបញ្ជាក់ថាៈ សម្រាប់លោកអ្នកដែលប្រើប្រាស់ស្មាតហ្វូន Android របស់ក្រុមហ៊ុនដទៃ ក៏អាចយកគំរូនៃរបៀបបង្រួមខ្នាតអេក្រង់ដើម្បីអាចងាយស្រួលប្រើដៃតែម្ខាង តាមវិធីខាងលើផងដែរ ដោយវាអាចនឹងខុសគ្នាលើឈ្មោះផ្នែកនីមួយៗប៉ុណ្ណោះ។ ពោលគឺ វាមានរបៀបខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ៕
មតិយោបល់