ព័ត៌មានជាតិ

នាំខ្លួនជនល្មើសជាឃាតក មកធ្វើត្រាប់ ក្នុងការអារ.កសម្លាប់យុវជនម្នាក់ក្នុងគុម្ពព្រៃ

កំពតៈ ករណីឃាតកម្ម អារ.ក សម្លាប់ យុវជនម្នាក់ នៅស្រុកទឹកឈូ កាលពីយប់ថ្ងៃទី១៦ កន្លងទៅនេះ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ខណៈមានការស៉ើបអង្កេតជាច្រើនថ្ងៃ។

លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការង និងជាប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពត បានឲ្យដឹងថាជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្ត សហការជាមួយកម្លាំងខេត្តសៀមរាប ឃាត់ខ្លួនបាននៅម៉ោង៤និង៥១នាទី ថ្ងៃទី២៤ ខែវិច្ឆិកា នៅចំណុច ការដ្ឋានសំណង់ ខាងលិចផ្សារធំថ្មី ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ចាន់ កុសល ហៅភាព ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត និងជនសង្ស័យទី២ឈ្មោះ ចក់ សុផល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឫស្សី១គុម្ព ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។

លោក ហែម ចាន់ដារ៉ា បញ្ជាក់ថា ក្រោយការឃាត់ខ្លួនបាន សមត្ថកិច្ចបាននាំខ្លួនជនល្មើសទាំង២នាក់ ទៅធ្វើត្រាប់សកម្មភាព នៅកន្លែងកើតហេតុ នារសៀលថ្ងៃទី២៥ វិច្ឆិកា នេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦វិច្ឆិកា វេលាម៉ោងប្រមាណ១និង៣០នាទីយប់ មានករណីឃាតកម្មមួយបានកើតឡើង នៅចំណុចភូមិព្រែកគ្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ដោយជនរងគ្រោះមានឈ្មោះ មិត រតន: ហៅដាំ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានឃាតកសម្លាប់យ៉ាងព្រៃផ្សៃ ដោយកាប់ និងអារ.ក សឹងតែដាច់ចេញពីស្មារ ហើយបោះចោលក្នុងព្រៃ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង៕

មតិយោបល់