ព័ត៌មានជាតិ

ឃើញម៉ូតូគេភ្លេចដកសោ ចូលលួច អស់លក្ខណ៍ត្រូវអាវុធហត្ថក្របួចចូលគុក បានសម្រេច!

ភ្នំពេញៈ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការរិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូន ចោរលួចម៉ូតូម្នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

គួរបញ្ជាក់ថា ចោរលួចម៉ូតូ ម្នាក់នាក់នេះ ត្រូវបានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបាន មានឈ្មោះ ឈឿន រិទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ បន្ទាប់ពីរូបគេ បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ជារបស់ជនរងគ្រោះឈ្មោះ អាន វី ភេទប្រុស អាយុ ៤៩ឆ្នាំ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១១និង៣០នាទី ខណៈពេលដែលជនរងគ្រោះ បានចេញពីធ្វើការ ហើយជិះមកផ្ទះវិញ និងចតទុកមុខផ្ទះ នៅចំណុចផ្ទះលេខ១១៨អា ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយបានដើរចូលទៅក្នុងផ្ទះ ដើម្បីហូបបាយ តែពុំបានដកសោ ចេញពីម៉ូតូ នោះទេ លុះដល់វេលាម៉ោងប្រហែល១រសៀលថ្ងៃដដែល ជនរងគ្រោះបានចេញពីហូបបាយពីក្នុងផ្ទះមកវិញ មិនឃើញម៉ូតូ ក៏បានទៅដាក់ពាក្យបណ្តឹង នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ដើម្បីឲ្យជួយធ្វើការស្រាវជ្រាវរកម៉ូតូរបស់ខ្លួនដែលបាត់។
ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ភ្លាម កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានស្រាវជា្រវ កំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ខាងលើ តែម្តង ចំណុចផ្ទះកម្មករក្រុមហ៊ុនលីយ៉ុងផាត់ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។

ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យ ខាងលើ បានសារភាពខ្លួននិងបក្ខពួកពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះ រួចគេចខ្លួនទៅស្រុកកំណើតរបស់គេ នៅភូមិផ្ទះកណ្តាល ឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមពិតមែន។

លុះរហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៧និង៣០នាទី រូបគេក៏បានជិះម៉ូតូនោះ ត្រឡប់មកភ្នំពេញវិញ ដើម្បីមកជួបឈ្មោះ ម៉ាប់ ដែលធ្វើការនៅក្នុងដី លី យ៉ុងផាត់ ហើយបានទិញស្រាបៀរផឹកជាមួយគ្នា ក្រោយពេលផឹកស្រាបៀរអស់ពួកគេ ក៏បែកគ្នាទៅដេករៀងៗខ្លួន មួយសន្ទុះក្រោយមក ស្រាប់តែមានកម្លាំងអាវុធហត្ថ ចុះមកសាកសួរ ហើយធ្វើការឃាត់រូបគេតែម្តង៕

មតិយោបល់