ភ្នំពេញៈ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានគេសង្ស័យថាដើរឆ្លងផ្លូវ ហើយត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុក បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៣យប់ រំលងអធ្រាត្រឈានចូល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចវាលស្ងាត់ ផ្លូវ៦០ម៉ែត្រ ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុ២៥ឆ្នាំ ស្លៀកខោខ្លីពណ៌ខៀវ អត់មានពាក់អាវ និងអត់ស្បែកជើង។
ចំណែកជនសង្ស័យបានគេចខ្លួនបាត់ស្រមោល។
ក្រោយទទួល បានព័ត៌មានភ្លាមៗនោះ កម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ទើបប្រទះឃើញសពជនរងគ្រោះដេកស្លាប់ផ្កាប់មុខ និងធ្លាយខួរចេញមកក្រៅ ព្រមទាំងឃើញស្នាមដានកង់ឡានកិនពីលើថែមទៀតផង។
សមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះ ជាករណីគ្រោះថ្នាក់ចរាចរណ៍ និងសង្ស័យថា ជនរងគ្រោះដើរឆ្លងផ្លូវ ហើយត្រូវរថយន្តបុកស្លាប់ ដែលបណ្តាលឲ្យធ្លាយខួរក្បាលយ៉ាងដូច្នេះ។ ចំណែកសាកសពយកមកតម្កល់នៅវត្តឬស្សីសាញ់ ខណ្ឌដង្កោ ដើម្បីស្វែងរកសាច់ញាតិ បន្តយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់