ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ទារកកើតចេញពីម្តាយដែលប្រើប្រាស់ថ្នាំអាស្ពីរីន អំឡុងពេលមានផ្ទៃពោះ អាចមានហានិភ័យវិវត្តទៅរកជំងឺពិការខួរក្បាលទ្វេរដង។ ជំងឺពិការភាព គឺជាជំងឺសរសៃប្រសាទដែលវិវត្តចំពោះកុមារតាំងពីកំណើត និងបំផ្លាញ់ខួរក្បាលជាអចិន្ត្រៃ សូម្បីតែការនិយាយស្តី ចលនា ភ្នែក និងការរៀនសូត្រ ក៏មានបញ្ហាដែរ។ ការស្រាវជ្រាវបានបង្ហាញថា ទារកដែលកើតចេញពីម្តាយប្រើថ្នាំអាស្ពីរីន មានចំនួនជិតពាក់កណ្តាលដែលវិវត្តទៅរកជំងឺនេះ មិនអាចព្យាបាលបាន។
ខណៈដែលទារកលេបថ្នាំប៉ារ៉ាសេតាមុល មាន៣០ភាគរយ ហាក់ដូចជាមានជំងឺពិការខួរក្បាល និង៥០ភាគរយ កើតជំងឺពិការភាពខួរក្បាលមួយចំហៀង។ បើយោងតាមសារពត៌មាន DailyMail បានរាយការណ៍ថា ពេលមានផ្ទៃពោះ គឺជាដំណាក់កាលដ៏សំខាន់ដែលទារកចាប់ផ្តើមធ្វើការអភិវឌ្ឍខួរក្បាល ប៉ុន្តែប្រសិនបើអ្នកម្តាយប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ ពិតជាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងបំផុត។
នេះក៏ដោយសារតែថ្នាំប៉ារ៉ាសេតាមុល និងអាស្ពីរីន អាចបង្កឲ្យមានជាតិពុលនៅក្នុងខួរក្បាលដែលកំពុងតែលូតលាស់ ហើយវានឹងនាំឲ្យខូចខាតជាអចិន្ត្រៃ ឬអាចរំខានដល់កម្រិតអ័រម៉ូនធម្មជាតិរបស់អ្នកម្តាយដែលត្រូវគ្រប់គ្រងការលូតលាស់ខួរក្បាលទារក។
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Copenhagen ប្រទេសដាណឺម៉ាក បាននិយាយថា ថ្នាំទាំងនេះត្រូវបានវាយតម្លៃបន្ថែមដើម្បីសុវត្ថិភាព ហើយស្ត្រីគ្រប់រូបគួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្លាំងនៅក្នុងអំឡុងពេលមានផ្ទៃពោះ។ ចំពោះការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែតអន្តរជាតិ Journal of Epidemiology អ្នកស្រាវជ្រាវបានតាមដានទៅលើអ្នកម្តាយ និងទារកចំនួន ១៨៥,៦១៧នាក់បានរកឃើញថា មានស្ត្រីប្រហែលជា ៥,០០០នាក់បានប្រើថ្នាំអាស្ពីរីនក្នុងអំឡុងពេលមានផ្ទៃពោះ។ ជាងនេះទៅទៀតស្ទើរតែ ៩០,០០០នាក់ បានសារភាពថា ពួកគេបានប្រើប្រាស់ថ្នាំ ប៉ារ៉ាសេតាមុល។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា នៅក្នុងចំណោមទារកចំនួន ៣៥៧នាក់ កើតចេញពីម្តាយដែលប្រើប្រាស់ថ្នាំទាំងនេះមានវិវត្តទៅរកបញ្ហាដែលទាក់ទងនឹងជំងឺខួរក្បាល។ ប៉ុន្តែទារកដែលកើតចេញពីម្តាយប្រើប្រាស់ថ្នាំអាស្ពីរីន មានហានិភ័យវិវត្តទៅរកជំងឺពិការភាពខួរក្បាលទាំងសងខាង៕
ប្រភព៖ thehealthsite
មតិយោបល់