ភ្នំពេញៈ ជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរសព្ទពីក្មេងស្រីម្នាក់មិនបានសម្រេច ហើយជិះគេចខ្លួន លុះជិះត្រឡប់មកឆក់ម្តងទៀតត្រូវជនរងគ្រោះជិះម៉ូតូដេញតាមចាប់បានប្រគល់សមត្ថកិច្ចវាយខ្នោះ កាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវបេតុង ក្រុមទី៨ ត្រង់ចំណុចមុខផ្ទះលក់ខ្យូង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យទី១ឈ្មោះ ផល វឌ្ឍនាភេទប្រុស អាយុអាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងទី២ឈ្មោះ ការីម រ៉ូហ្សា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GG-2581។
ចំណែកឯជនរងគ្រោះឈ្មោះ វ៉ាន់ ស្រីណុច ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី១២ វិទ្យាល័យចាក់អង្រែក្រោម ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រីឯអ្នកឌុបមានឈ្មោះ សំ ដារា ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរសិស្សថ្នាក់ទី១២ នៅសាលាវិទ្យាល័យ១០០ខ្នង មានទីលំនៅសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ជិះម៉ូតូម៉ាកធូដេ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 1FW-0394 ទូរសព្ទដែលពួកក្រុមជនសង្ស័យឆក់មិនបានសម្រេចនោះម៉ាកIPhone 5s ។
មុនកើតហេតុជនរងគ្រោះទាំង២នាក់ បានជិះម៉ូតូមួយគ្រឿងពីបុរីប៉េងហួត តាមផ្លូវលេខ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង បំណងទៅទួលគោក ខណៈមកដល់ចំណុចមុខការ៉ាស់សាំងលីហុង ភូមិទួលពពែ សង្កាត់ទួលសង្កែ២ ស្រាប់តែមានជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿង មកពីក្រោយលូកឆក់ទូរសព្ទដៃដែលនាងកំពុងចុចទទួលនិយាយលើម៉ូតូតែមិនបានសម្រេច ដោយសារនាងចាប់ទាញមកវិញ ហើយជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់។ ក្រោយមកជនសង្ស័យដដែលត្រឡប់មកឆក់ម្តងទៀតភ្លាមៗនាងស្រែកចោរៗជិះដេញតាមមកដលចំណុចឃាត់ខ្លួនខាងលើចាប់ប្រគល់សមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលសង្កែ១ដើម្បីសាកសួរតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់