ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុករថយន្ត បណ្តាលឲ្យស្លាប់!

កំពង់ធំៈ លោកប្រធានការិយាល័យចរាចរណ៍ នៃស្នងការនគរបាលខេត្តកំពង់ធំ បានប្រាប់ Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងម៉ូតូ បើកបុករថយន្ត ខណៈរថយន្តកំពុងបើកឆ្លងកាត់ផ្លូវ បណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ភ្លាមៗ នៅនឹងកន្លែង។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លវខេត្ត ស្ថិតត្រង់ចំណុចផ្លូវចូលសាលាដំរីជាន់ខ្លា ភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ម្ចាស់ម៉ូតូមានឈ្មោះ អ៊ុន ចំរើន ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ1D-8712 និងម្ចាស់រថយន្ត មិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់នោះទេ បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស ពណ៌ស មិនចាំស្លាកលេខ។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ ភាគីខាងរថយន្តបានបើកឆ្លងកាត់ផ្លូវ ដោយខ្វះការប្រុងប្រយ័ត្ន រួមផ្សំនិងអ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុករថយន្តពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ ចំណែកម្ចាស់រថយន្ត បានគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់