ព្រះវិហារៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបញ្ជូនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន៤នាក់ទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦។
សូមរំឭកផងដែរថា កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ៦និង០៥នាទី នាយឧត្តមសេនីយ៍ សៅសុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំផ្ទាល់ចុះបង្ក្រាបបទល្មើសព្រៃឈើមួយកន្លែង ស្ថិតនៅក្នុងភូមិសែនជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ កិច្ចប្រតិបត្តិការនោះ បានប្រើប្រាស់កម្លាំងកងរាជអាវុធហត្ថចំនួនប្រមាណជាង២០០នាក់ និងមានការប្រើប្រាស់ឧទ្ធោម្ភាចក្រចំនួន៣គ្រឿងផងដែរ។
ជាលទ្ធផលកម្លាំងបានធ្វើការឡោមព័ន្ធទីតាំងរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើរបស់ក្រុមហ៊ុនហុង សុភាព ឌីវេឡុបមែន ស្ថិតក្នុងភូមិសែនជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ពិនិត្យ វាស់វែង និងធ្វើការផ្ទៀតផ្ទាត់ថា ប្រភេទឈើនៅក្នុងព្រៃជាក់ស្តែងឃើញមានគល់ឈើសរុបចំនួន១៤៤គល់ក្នុងនោះ គល់ឈើចំនួន៥៤គល់ គឺស្ថិតនៅក្នុងដីសម្បទានសង្គមកិច្ចភូមិសែនជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ត។ រីឯគល់ឈើចំនួន៩០គល់ទៀតដែលទើបកាប់ថ្មីៗ តាមការផ្ទៀងផ្ទាត់ចំណុចនិយាមការទាំងអស់ គឺស្ថិតនៅក្នុងតំបន់២ នៃតំបន់រមណីដ្ឋានប្រាសាទព្រះវិហារ។
តាមការស៊ើបអង្កេតដោយផ្ទៀងផ្ទាត់ឯកសារនិងវត្ថុតាង កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបុគ្គលដែលសង្ស័យប្រព្រឹត្តបទល្មើសព្រៃឈើជាបន្តបន្ទាប់រួមមាន ទី១ឈ្មោះ សាយ សុភាព ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរប្រធានក្រុមហ៊ុនហុងសុភាព ទីកន្លែងកំណើតសង្កាត់ លេខ៣ ក្រុងភ្នំពេញ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខក្រុម៤១ ភូមិព្រែក មហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ទី២ឈ្មោះ ប៊ុន ហុង ភេទស្រី អាយុ៥២ឆ្នាំ មុខរបរប្រធានក្រុមហ៊ុនហុងសុភាព ទីកន្លែងកំណើត ភូមិធរតារអ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ស្នាក់នៅផ្ទះគ្មានលេខ ក្រុម៤១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ទី៣ ឈ្មោះ សាយ ស៊ីណា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមេការក្រុមហ៊ុនហុងសុភាព ទីកន្លែងកំណើត ភូមិដូរដុំ ឃុំ លូទឹម ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទីលំនៅបច្ចុប្បន្នភូមិកាប់គោថ្មី ឃុំអូរចារ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ ទី៤ឈ្មោះ ខៃ ហ៊ឺ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមន្ត្រីយោធា អង្គភាពកងពលធំលេខ៣ ទីកន្លែងកំណើតភូមិស្ពានក្រង ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកពង់ធំ មានទីលំនៅបច្ចុប្បន្ន ភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងនោះដែរ កម្លាំងជំនាញបានចាប់យកឈើសរុបចំនួន ៥២៩,៤៧០ ម៉ែត្រត្រីគុណនិងកូនឈើចម្រុះប្រភេទ (ទំហំអង្កត់ផ្ចិតគល់១៥-៣០សម)ចំនួន ៤២ដើម ក្នុងនោះមាន ឈើហ៊ុបមូលចំនួន ៤៤២កំណាត់ស្មើនឹង២៩៤,៩១៥ម៉ែត្រត្រីគុណ (ឈើលេខ១ចំនួន ៩១កំណាត់ស្មើនឹង៣៩ម៣៨៥៣, លេខ២ចំនួន៣២៨កំណាត់ស្មើនឹង២៤២ម៣៥៩៥ និងលេខ៣ចំនួន២៣កំណាត់ស្មើនឹង១២ម៣៥៩៥), ឈើអារប្រភេទលេខ២ចំនួន ២៣៥,៤៥៥ម៉ែត្រត្រីគុណ, កូនឈើចម្រុះប្រភេទ (ទំហំអង្កត់ផ្ចិតគល់១៥-៣០សម)ចំនួន ៤២ដើម និងចាប់យកមធ្យោបាយដឹកជញ្ជូន ម៉ាស៊ីនអារឈើ និងវត្ថុតាងមួយចំនួនទៀត។
ចំណែកជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានបញ្ជូនមកកាន់សាលាដំបូងខេត្តព្រះវិហារ ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់