កណ្ដាលៈ លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ បានប្រាប់ Post News នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ថា មានករណីចុះបង្ក្រាប ទីតាំងកត់ឆ្នោតជាច្រើនកន្លែង ជាពិសេសទីតាំងមេឆ្នោតឈ្មោះ ទុយ សារ៉ាយ នៅក្នុងផ្សារកាច់ជ្រុង ត្រូវបានសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។
លោកអភិបាល បានបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកបានបញ្ជាឲ្យសមត្ថកិច្ចជំនាញ
ចុះបង្ក្រាបទីតាំងកត់ឆ្នោត ចំនួន២ទីតាំង ដែលស្ថិតនៅជុំវិញក្រុងតាខ្មៅរហូតទាល់តែពួកគេផ្អាកអាជីវកម្មទាំងនេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រជាពលរដ្ឋ បានរិះគន់ថា សមត្ថកិច្ចហាក់ដូចព្រងើយកណ្តើយ ក្នុងការចុះបង្ក្រាបទីតាំងល្បែងឆ្នោតកន្ទុយលេខ ដ៏ធំមួយកន្លែង នៅផ្សារកាច់ជ្រុង ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងនៅជុំវិញក្រុងតាខ្មៅ ដោយពួកគេសង្ស័យថា អាចមានអ្វីពីនៅក្រោយខ្នង ទើបមិនហ៊ានបង្ក្រាប។
ប្រជាពលរដ្ឋបានចោទថា ប្រសិនបើសមត្ថកិច្ចមិនធ្វើការបង្ក្រាបទីតាំងកត់ឆ្នោតខាងលើនេះ វានឹងបង្កទុក្ខសោកដល់ពួកគាត់រាល់ថ្ងៃ
ព្រោះថាសមាជិកគ្រួសាររបស់ពួកគាត់ មិនគិតរកស៊ីអីទេ គិតតែពីរឿងចាក់កន្ទុយលេខតែបុណ្ណោះ។
ក្រោយទទួលបានសំណូមពរ ពីប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រមុខដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានចុះជួយពិនិត្យមើលភាពមិនប្រក្រតីរបស់មន្ត្រីក្រោមឱវាទ ដែលតែងបណ្ដែតបណ្ដោយឲ្យកើតមានបទល្មើស នៅក្នុងមូលដ្ឋានដូចជាករណីខាងលើ៕
មតិយោបល់