ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញ លោក ហម សុខខេមរិន ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ ប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទឈ្មោះ អ៊ែល ធិរ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន សមាគមអ្នកសារព័ត៌មានជាតិកម្ពុជា ដើម្បីសេរីភាព ដាក់ពន្ធនាគារកំណត់រយៈពេល ៧ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀល ចូលជាថវិការដ្ឋពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទសម្របសម្រួស (ផ្តល់ទីតាំង) ឱ្យប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ប្រព្រឹត្ត កាលពីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ យោងតាមមាត្រា ៤០ និងមាត្រា ៤៥ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។
នៅក្នុងសវនាការកាលពីល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ ជនជាប់ចោទឈ្មោះ អ៊ែល ធិរ៉ា បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន ពីឈ្មោះ ឌី ហៅធី នៅច្បារអំពៅ ចំនួន ៣០កញ្ចប់តូច និង៤កញ្ចប់ធំ ក្នុងតម្លៃ ៥០០ដុល្លារ។
ជនជាប់ចោទបានបន្តថា រូបគេបានរកស៊ីមុខរបរ លក់គ្រឿងញៀននេះបានប្រហែល ៣ខែមកហើយ ដោយមានកាក់កបល្អ ទើបខ្លួនបានឱ្យអតិថិជនដែលមកទិញ អាចសេពគ្រឿងញៀននៅក្នុងផ្ទះរបស់ខ្លួនបានដោយសេរី។
គួររំលឹកថា កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យបាន ឃាត់ខ្លួនជនជាប់ចោទ កាលពីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ នៅផ្ទះរបស់គេ ក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយដកហូតបានវត្ថុតាងមួយចំនួនដូចជា៖
-គ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ៣០កញ្ចប់តូច និង៤កញ្ចប់ធំ
-ជញ្ជីងថ្នឹងគ្រឿងញៀន ចំនួន ០១គ្រឿង
-ដាវស៊ាំម៉ូរ៉ៃ ចំនួន ២ដើម
-កាំបិត ចំនួន១
-ដែកកេះចំនួន ១៩
-វិទ្យុទាក់ទង (អាយឌី) ចំនួន១គ្រឿង
-ទូរស័ព្ទដៃ ចំនួន ៣គ្រឿង
-ស្រោមកាំភ្លើង ចំនួន ១
-គ្រាប់កាំភ្លើងមួយចំនួន
-និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ៕
មតិយោបល់