ភ្នំពេញៈ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ បានបើករថយន្តមួយគ្រឿងយ៉ាងលឿន ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យដាច់កង់ម្ខាង ហើយរត់ពីមុខស្ថានទូតវៀតណាម រហូតដល់វិទ្យាល័យបឹងត្របែក ទើបរថយន្តទៅមុខលែងរួច ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ត្រង់ចំណុចមុខស្ថានទូតវៀតណាម ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។
សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាកលុចស៊ីស LX470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S-9668 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវព្រះមុនីវង្ស។ មកដល់ចំណុចមុខស្ថានទូតវៀតណាម ដោយរថយន្តមានល្បឿនលឿន ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពេញមួយទំហឹង បាក់អស់ចំនួន២ផ្ទាំង
ចំណែកឯរថយន្តវិញ ដាច់កង់ម្ខាង ហើយបានបន្ថែមល្បឿនបើករត់តាំងពីស្ថានទូតវៀតណាម រហូតដល់ចំណុចមុខវិទ្យាល័យបឹងត្របែក ទើបរថយន្ដទៅមុខលែងរួច។
ភ្លាមៗនោះបុរសដែលជាអ្នកបើកបរ បានបើកទ្វារ រថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ ចុះធ្វើកាវាស់វែង យករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នា តាមផ្លូវច្បាប់ពេលក្រោយ៕
មតិយោបល់