ព័ត៌មានជាតិ

ខឹងសុំថៅកែឈប់ធ្វើការមិនបាន បុរសវ័យចំណាស់ម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង

បាត់ដំបងៈ លោកវរសេនីយ៍ទោ ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង បានប្រាប់ Post News ថា កាលវេលាម៉ោង ៧ ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួន ត្រង់ចំណុចស្រះចិញ្ចឹមត្រីរបស់ឈ្មោះ អ៊ឹង គឹមលី ភេទប្រុស អាយុប្រហែល៥៥ ឆ្នាំ ក្នុងក្រុមទី៨ ភូមិ ព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ សឿ សាមឿន ភេទប្រុស អាយុ​ប្រហែល ៥៥ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៩០ ក្រុមទី៨ ភូមិពពាលខែ ឃុំ ជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបរជាកម្មករចាំស្រះចិញ្ចឹមត្រី ហើយបានស្នាក់នៅទីកន្លែងកើតហេតុខាងលើ។

តាមការបញ្ជាក់របស់ឈ្មោះ​ ចេក ហ៊ាន ភេទ ប្រុស អាយុប្រហែល ២៨ ឆ្នាំ ជាកម្មករ បញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៧ព្រឹក ខ្លួនបានជិះម៉ូតូមកហៅ ជនរងគ្រោះ ដែលជាកម្មករចាំស្រះចិញ្ចឹមត្រីដូចគ្នាឲ្យទៅហូបបាយព្រឹក ស្រាប់តែឃើញឈ្មោះជនរងគ្រោះ គាត់បានចងកទៅណឹងធ្នឹមខ្ទមស្លាប់បាត់ហើយ។

ក្រោយការការពិនិត្យ​របស់ផ្នែកជំនាញ បានសន្និដ្ឋានថា សាកសពជនរងគ្រោះ ពិតជាបានស្លាប់ដោយសារ ធ្វើអត្តឃាតប្រាកដមែន ដែលមូលហេតុ​ដែលនាំឲ្យជនរងគ្រោះ ធ្វើអត្តឃាតចងកសម្លាប់ខ្លួននោះ គឺដោយសារសុំថៅកែឈប់ធ្វើការមិនបាន។

បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅឈ្មោះ ជួន ពេជ្រ ភេទ ស្រី អាយុប្រហែល ៦៤ ឆ្នាំ ជាប្រពន្ធយកទៅធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅភូមិពពាលខែ ឃុំ ជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង៕

មតិយោបល់