ក្រុមបាល់ទាត់ កំពុងតែលេចធ្លោ Manchester City បានត្រៀមធ្វើកុងត្រាថ្មី ជាមួយខ្សែបម្រើកណ្តាល វ័យ៣១ឆ្នាំ David Silva ក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ចប់មន្ទិលសង្ស័យ ដែលថាកីឡាករអេស្ប៉ាញ រូបនេះ នឹងចាកចេញ ពីក្លិបនោះ។
បើតាមការចុះផ្សាយរបស់ Daily Mirror បានឲ្យដឹងថា ក្រុមបាល់ទាត់ Manchester City បានរៀបចំកុងត្រាថ្មី ជាមួយកីឡាករអេស្ប៉ាញ David Silva ហើយ ដែលកុងត្រាថ្មីនេះ អាចធ្វើឲ្យ Silva បន្តលេងឲ្យក្រុមកំពុងឡើងជើងនេះរហូតដល់ឆ្នាំ ២០២០ ។ ជាការពិតណាស់ Silva គឺជាអ្នកនាំលេងយ៉ាងល្អ របស់ Man City ដែលមិនទាន់មានកីឡាករណាល្អជាងឡើយ បើទោះបីជា Kevin De Bruyne លេងឡើងជើងក៍ដោយ ក៍មិនទាន់ល្អដល់ Silva ឡើយ។
ម្យ៉ាងវិញទៀតនោះ នាពេលកន្លងមកនេះ បានលេចលឺពត៌មានល្ហៀងៗ ថា ក្រុមហង្សក្រហម Liverpool កំពុងតែតាមប្រមាញ់ខ្សែបម្រើអេស្ប៉ាញរូបនេះ ដែលជាហេតុធ្វើឲ្យក្រុម Man City ត្រូវតែប្រញាប់បន្តកុងត្រាថ្មីឲ្យបានឆាប់ ប្រសិនបើមិនចង់របូត David Silva ទេនោះ។ យ៉ាងណាវិញ សម្រាប់លោក Pep Guadiola ពិតជាពេញចិត្តចំពោះទម្រង់លេងរបស់ Silva ណាស់ គ្រូបង្វឹករូបនេះជឿជាក់ Silva នឹងក្លាយជា Andre Ineista នៅ Man City ជាក់ជាមិនខានថ្វីបើអាយុកាន់តែច្រើនមែន តែទម្រង់លេងនៅតែល្អ។
ដូច្នេះហើយ ដើម្បីរក្សាខ្សែបម្រើអេស្ប៉ាញយ៉ាងល្អរូបនេះ ក្រុម Manchester City បានរៀបចំកុងត្រាថ្មីហើយ ជាមួយ David Silva ដែលកុងត្រាថ្មីនេះ អាចធ្វើឲ្យ Silva ក្លាយជាកីឡាកររបស់ក្លិបបាល់ទាត់ Manchester City រហូតដល់ឆ្នាំ ២០២០ ខាងមុខនេះ។
មតិយោបល់