ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ៣ បានធ្វើការចាប់ខ្លួនក្មេងទំនើង៣នាក់ដែលទុកសក់វែង ខណៈដែលពួកគេចូលទៅធ្វើសកម្មភាពអុកឡុករំខានសិស្សនៅក្នុងវិទ្យាល័យ ជម្ពូវ័ន្ត ដែលកំពុងរៀន បង្កឲ្យសិស្សមានការភ័យខ្លាច។ បន្ទាប់មកបាននាំទៅសាកសួរនិងធ្វើការ អប់រំ ព្រមទាំងកាត់សក់ខ្វែងជាសញ្ញាជើងក្អែក ដើម្បីឲ្យមានការរាងចាល ហើយធ្វើកិច្ចសន្យារួចរាល់និងឲ្យអាណាព្យាបាលទៅធានា រួចទើបដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៣និង៤០នាទី រសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងវិទ្យាល័យ ជម្ពូវ័ន្ត ស្ថិតនៅក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្មេងទំនើងដែលត្រូវនគរបាលចាប់ខ្លួននោះ ទី១ឈ្មោះ ឈុនវីរៈជែម អាយុ១៥ឆ្នាំ ទី២ឈ្មោះ លឹម រតនា អាយុ១៥ឆ្នាំ និងទី៣ឈ្មោះ ថៃ សៀង អាយុ១៦ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
នគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុក្មេងទំនើងខាងលើនោះ បានចូលទៅធ្វើសកម្មភាពអុកឡុកវិទ្យាល័យខាងលើ រំខានសិស្សដែលកំពុងរៀន ប៉ុន្តែត្រូវបានលោកបង្រៀននៅទីនោះ ខលប្រាប់នគរបាលប៉ុស្ដិ៍ចោមចៅឲ្យជួយអន្តរាគន៏ចាប់ខ្លួននាំ ទៅកាន់ប៉ុស្តិ៍ ធ្វើការអប់រំនិងកិច្ចសន្យា បន្ទាប់មកបានកាត់សក់ពួកគេពុះជាសញ្ញាលេខបូក ដើម្បីឲ្យរាងចាល ថ្ងៃក្រោយឈប់ដើរអុកឡុកតាមសាលាបន្តទៀត។ ក្រោយមកបានហៅឲ្យអណាព្យាបាលរបស់ពួកគេ ទៅធានា ដើម្បីនាំពួកគេត្រឡប់ទៅផ្ទះវិញ៕
https://youtu.be/9DEn3wv1K9M
មតិយោបល់