ព័ត៌មានជាតិ

សន្តិសុខម្នាក់ ដេកស្លាប់នៅមុខធនាគារមេយប៊ែង

ភ្នំពេញៈ​ បុរសវ័យចំណាស់ជាសន្តិសុខម្នាក់ បានដេកស្លាប់នៅមុខធានាគារដែលខ្លួនយាមរាល់យប់បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦​ នៅចំណុចមុខធានាគារមេយប៊ែង​ (ខេមបូឌា)តាមបណ្តោយផ្លូវសីហនុ​ ស្ថិតក្នុងសង្កាត់វាលវង់​ ខណ្ឌ៧មករា។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ ទូច អាយុ៥៣ឆ្នាំ​ មុខរបរសន្តិសុខ​ ស្នាក់កន្លែងកើតហេតុ​ មានស្រុកកំណើតនៅ​ ភូមិជីលា​ ឃុំជីលា ​ស្រុកបាធាយ​ ខេត្តកំពង់ចាម។

តាមសន្តិសុខដូចគ្នាបានឲ្យដឹងថា​ គាត់និងជនរងគ្រោះជារៀងរាល់ថ្ងៃតែងតែយាមនៅចំណុចមុខកន្លែងកើតហេតុតែ២នាក់​ ហើយជនរងគ្រោះតែងតែសម្រាកលើប៉ៅអី​ លុះដល់វេលាកើតហេតុ រូបគាត់ក៏បានដេកលក់មួយភាំងដែរ មួយសន្ទុះក្រោយមក​ ស្រាប់តែមានយុវជនម្នាក់បានមកស្រែកហៅជនរងគ្រោះ ពេលនោះរូបគាត់ក៏ភ្ញាក់ដឹកខ្លួន ហើយបានទៅអង្រួនដងខ្លួនជនរងគ្រោះ ទើបដឹងថាស្លាប់បាត់ទៅហើយ​ ហើយភ្លាមៗនោះ ក៏បានរាយការណ៍ជូនសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង និងទំនាក់ទំនងរកក្រុមគ្រួសារ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការកោសល្យវិច័យឃើញថា ជនរងគ្រោះពិតស្លាប់ដោយសារខ្យល់គមែន ទើបប្រគល់សពទៅឲ្យក្រុមគ្រួសារមកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

មតិយោបល់