ព័ត៌មានជាតិ

ចោរដៃរន្ទះ រហ័ស្សនាម «អាធ្មេញ» និងបក្ខពួក២នាក់ទៀត ដែលចេញឆក់ជាង១២០ដងក្នុងរាជធានីភ្នំពេញ ចាប់ខ្លួនបានហើយ!

ភ្នំពេញៈ ជនសង្ស័យម្នាក់ ដែលមានរហ័ស្សនាម«អាធ្មេញ» ដែលជាមុខសញ្ញាចោរឆក់ដ៏មហាសកម្មក្នុងរាជធានីភ្នំពេញ ដែលតែងតែរត់គេចខ្លួនរួច ពីការតាមប្រម៉ាញ់របស់សមត្ថកិច្ច ទើបតែត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនរួមជាមួយបក្ខពួក២នាក់ទៀត និងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញនេះ។

បញ្ជាក់បន្ថែមថា ជនសង្ស័យដែលមានឈ្មោះពេញហៅថា សោម ម៉ារ៉ានិត ឬ ហៅខ្មៅ អាយុ១៧ឆ្នាំ មានមុខរបរជាបុគ្គលិកណាហ្កាវើល ស្នាក់នៅផ្ទះលេខ១១២ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ គឺជាបក្ខពួកម្នាក់ ដែលតែងតែរត់គេចខ្លួនរួចពីការតាមចាប់របស់សមត្ថកិច្ច ក្នុងចំណោមក្រុមចោរឆក់ជាច្រើននាក់ទៀត ដែលសមត្ថកិច្ចបានបង្ក្រាបនិងបញ្ជូនទៅតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ។

ក្នុងនោះ អាធ្មេញ រួមជាមួយបក្ខពួក២នាក់ទៀត ឈ្មោះ សុខ វ៉ា ហៅ ហាក់ វណ្ណឆៃ កើតឆ្នាំ២០០១ និង ឈ្មោះ ដារ៉ា វិទូ កើតឆ្នាំ២០០៣ ត្រូវបានអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបានកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៧និង១០នាទីយប់ នៅចំណុចផ្លូវ១៧៨ កែងផ្លូវលេខ១៣ ក្រុម៨ ភូមិ២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ខណៈដែលពួកគេមានគ្នា៤នាក់(រត់រួចម្នាក់) កំពុងធ្វើសកម្មភាព ឆក់កាបូបជនជាតិអូស្ត្រាលី ឈ្មោះ ដាវីណា អ៉ីសាក់ ភេទស្រី អាយុ១៧ឆ្នាំ ជាសិស្សសាលា ដែលកំពុងដើរតាមផ្លូវជាមួយមិត្តភក្តិ។

រយៈកាលកន្លងមក ជនសង្ស័យទាំងនេះ ចេញឆក់បានប្រហែលជាង១២០ដង ដោយឆក់បានសម្រេចខ្លះ មិនបានសម្រេចខ្លះ ក្នុងនោះមានដូចជាឆក់កាបូបជនបរទេសបានប្រាក់១៤០ដុល្លារ នៅមុខវត្តឧណ្ណាឡោម ។ ឆក់កាបូប បានប្រាក់២៥០ដុល្លារ និងទូរសព្ទដៃ០២គ្រឿង នៅមុខសាលាព្រះស៊ីសុវត្ថិ។ ឆក់កាបូបបានប្រាក់៤០០ដុល្លារ និងទូរសព្ទ០១គ្រឿង នៅផ្លូវនរោត្តម កែងផ្លូវ២១៤ ។ ឆក់បានទូរសព្ទ០១គ្រឿង នៅផ្លូវ១៧៨កែងផ្លូវ១៣។ ឆក់កាបូបបានប្រាក់១៥ដុល្លារ និងទូរសព្ទ០១គ្រឿង នៅផ្លូវ១៧៨កែងផ្លូវ១៣ម្តងទៀត។ ឆក់បានទូរសព្ទ០១គ្រឿង នៅផ្លូវ១៧៨ កែងផ្លូវ១៣ដដែលទៀត។ ឆក់កាបូបបាន ប្រាក់ ២៥០ដុល្លារ និងទូរសព្ទ០១គ្រឿង នៅមុខវត្តឧណ្ណាឡោម និងឆក់ជាង១០០ករណីទៀត ច្រើននៅម្តុំក្រោយសាលាព្រះស៊ីសុវត្ថិ ម្តុំមាត់ទន្លេ មុខផ្សាររាត្រី និងម្តុំផ្សារកណ្តាល ផងដែរ៕

មតិយោបល់