កំពង់ចាមៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តហ៊ីយ៉ាន់ដាយ បើកបុករថយន្តតូយ៉ូតាហ៊ីលិចរ៉េវ៉ូ បណ្តាលឲ្យភាគីរថយន្តតូយូតារងរបួសធ្ងន់។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩និង១០នាទីយប់ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតលើកំណាត់ផ្លូវជាតិលេខ៧ នៅខាងមុខស្នាក់ការអគ្គិសនីឃុំល្វា ភូមិល្វា ឃុំល្វា ស្រុព្រៃឈរ ខេត្តកំពង់ចាម។
ជនរងគ្រោះមានឈ្មោះ អ៊ាវ វឿន ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិឆ្លក ឃុំដំរិល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើករថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាហ៊ីលុចរ៉េវ៉ូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AN-3198។ ចំណែកជនបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់នោះទេ បើករថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-5121។
ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ រថយន្តបង្កនិងរថយន្តរងគ្រោះ បានធ្វើដំណើរបញ្រ្ចាសទិសគ្នា លុះមកដល់ចំណុចកើតហេតុ ភាគីខាងរថយន្តបង្កបានជ្រុលចង្កូត មកបុករថយន្តរងគ្រោះពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងរងការខូចខាតរថយន្តយ៉ាងដំណំ។ ចំណែកជនបង្កបានដាក់មេប្រូចបាត់ពីកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកមធ្យោបាយធ្វើដំណើរទាំងសងខាង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយ បន្តតាមផ្លូវច្បាប់៕
មតិយោបល់