ភ្នំពេញៈ ដូចការគ្រោងទុក លោក រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបើកសវនាការប្រកាសសាលក្រម សំណុំរឿងដឹកជញ្ជូនចូលកម្ពុជា ជាង ១០០០គីឡូ ដោយសម្រេចផ្តន្ទាទោស ក្រុមជនជាប់ចោទជនជាតិវៀតណាម ចំនួន ៤នាក់ (៣នាក់កំពុងរត់គេខ្លួន) ដាក់គុក អស់មួយជីវិត។
សាលក្រមរបស់តុលាការបានសម្រេចផ្តន្ទាទោសជនជាប់ចោទ៖
-ទី១ ឈ្មោះ ហ្វឿង មិញគក់ ភេទប្រុស អាយុ៣៨ឆ្នាំ ជានាយកក្រុមហ៊ុនដឹកជញ្ជូនហ្គូលឌិន ហ្វឿង មិញគក់ (ជាប់ឃុំ)
-ទី២ ឈ្មោះ លី ហ៊័រវុន (កំពុងរត់គេចខ្លួន)
-ទី៣ ឈ្មោះ វ៉ាង ទីងហ្វឹង (កំពុងរត់គេចខ្លួន)
-និងទី៤ ឈ្មោះ លី ហ្វាងយុន (កំពុងរត់គេចខ្លួន)
ដាក់គុកក្នុងម្នាក់ៗកំណត់ អស់មួយជីវិត ក្រោមបទចោទប្រកាន់ ពីបទ រក្សាទុក ដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែន ប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចព្រំដែនកម្ពុជា-វៀតណាម យោងតាមមាត្រា ៤០នៃច្បាប់ ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។
សាលក្រមមួយនេះ ក៏បានសម្រេច ចេញដីកា តាមចាប់ខ្លួនក្រុមជនជាប់ចោទ ៣នាក់ ដែលកំពុងរត់គេចខ្លួន មកអនុវត្តទោសក្នុងគុកផងដែរ។
សូមជម្រាបជូនថា នៅក្នុងសវនាការ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨កន្លងទៅជនជាប់ចោទ ឈ្មោះ ហ្វឿង មិញគក់ បានបដិសេធថា ទំនិញ (គ្រឿងញៀន) ទាំងអស់ មិនមែនជារបស់ខ្លួននោះទេ។
រូបគេត្រូវ ក្រុមជនជាប់ចោទ ទាំង ៣នាក់ ដែលកំពុងរត់គេចខ្លួន ជួលឲ្យធ្វើជា នាយកក្រុមហ៊ុន ខាងលើ ដោយស៊ីប្រាក់ខែ ១០០០ដុល្លារ ក្នុងមួយខែ។
គួររំលឹកថា ជនជាប់ចោទឈ្មោះ ហ្វឿង មិញគក់ ត្រូវបាន សមត្ថកិច្ច ចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅព្រំដែនកម្ពុជា-វៀតណាម ខណៈរូបគេ ទៅ ទទួលទំនិញ (គ្រឿងញៀន) ប្រភេទ កាកូអ៊ីន ទម្ងន់ ១២០០គីឡូក្រាម ចូលមកប្រទេសកម្ពុជា ដោយបង្កប់ក្នុងសាច់ត្រីសមុទ្រចំនួន ៣កុងតឺន័រ ទម្ងន់ ២៤តោន។
តាមយោងតាម របាយការណ៍របស់ សមត្ថកិច្ច មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅអំឡុងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០១៦ ក្រសួងសន្តិសុខចិន បានផ្ដល់ព័ត៌មានមកថា មានកុងតឺន័រ ចំនួន៣ ផ្ញើមកពីប្រទេសអាក្វាឌ័រ ឆ្លងកាត់កោះហុងកុង ប្រទេសកូរ៉េ ប្រទេសចិន និងប្រទេសវៀតណាម តម្រង់ឆ្ពោះមកប្រទេសកម្ពុជា មានបង្កប់ គ្រឿងញៀន ប្រភេទ កាកូអ៊ីនទម្ងន់ ១២០០គីឡូក្រាម នៅក្នុងសាច់ត្រីសមុទ្រ ហើយអ្នកដែលចុះហត្ថលេខាទទួលកាន់ទូរស័ព្ទលេខ ០៧១ ៧៤៥៧ ៩៧៩ មានចុះបញ្ជីនៅកម្ពុជា ហើយគ្រឿងញៀនទាំងអស់នោះ អាជ្ញាធរចិន បានរឹបអូសយក ១១០០គីឡូ ដោយបញ្ជូនកុងតឺន័រសាច់ត្រី និងគ្រឿងញៀនតែ ១០០គីឡូប៉ុណ្ណោះ មកកម្ពុជា ដើម្បីស្វែងរកចាប់ខ្លួនម្ចាស់ទំនិញ៕
មតិយោបល់