ព័ត៌មានជាតិ

ប្តីប្រពន្ធវ័យក្មេង២នាក់! ជួញដូរគ្រឿងញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

​ភ្នំពេញ: ជនសង្ស័យ២នាក់ប្តីប្រពន្ធ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន រួមនឹងថ្នាំញៀន១០កញ្ចប់តូច កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ប្ដីមានឈ្មោះ ស ចាន់ បុរី អាយុ១៧ឆ្នាំ ចំណែកប្រពន្ធមានឈ្មោះ ឌី សុជាតា អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកើតហេតុខាងលើជាមួយគ្នា។

ប្រភពដដែលបន្តថា មុនឈានដល់ធ្វើការឃាត់ខ្លួនប្ដីប្រពន្ធទាំង២នាក់នោះ គឺកម្លាំងសមត្ថកិច្ចបានចុះទៅធ្វើរដ្ឋបាលនៅក្នុងភូមិកើតហេតុ លុះដល់ចំណុចកើតហេតុបានធ្វើការឆែកឆេរនៅក្នុងផ្ទះប្ដីប្រពន្ធទាំង២នាក់បានរកឃើញគ្រឿងញៀនចំនួន១០កញ្ចប់តូចនិងធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់តែម្ដង។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ដើម្បីធ្វើការសាកសួរបន្ដ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់