ភ្នំពេញៈ សាកសពនារីម្នាក់ ត្រូវបានប្រជានេសាទជនជាតិចាម ប្រទះឃើញអណ្តែតទឹកទន្លេសាប និងបានរសាត់មកទើរនឹងច្រាំងទន្លេ នៅផ្នែកខាងកើត បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ត្រូវកម្លាំងសមត្ថកិច្ចយកឡើងគោកធ្វើការពិនិត្យ ។
ហេតុការណ៍ប្រទះឃើញសាកសពនេះ បង្កការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោងប្រមាណ១០និង៣០នាទីព្រឹកថ្ងៃទី២១ ខែ កក្កដា ឆ្នាំ ២០២១ នៅត្រង់ចំណុចច្រាំងទន្លេសាប ក្នុងភូមិទី២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សពនារីរូបនោះ គេពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រមាណជាង៣០ឆ្នាំ ស្លៀកពាក់អាវនិងខោជើងខ្លី ពណ៌ខ្មៅ រំលេច អក្សរអង់គ្លេស ។ សពត្រូវបានគេអះអាងថា ជាជនជាតិចិន ដែលបានលោតទឹកសម្លាប់ខ្លួន ពីលើទូកកាណូត កាលពី២ថ្ងៃមុន ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ១១យប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នារីរូបនោះ រួមនឹងសង្សារ បានជិះទូកកាណូតមួយគ្រឿង លំហែកាយតាមដងទន្លេសាប ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ខណៈនោះក៏មានទំនាស់គ្នា ហើយត្រូវបុរសជាសង្សារលោតទឹកសម្លាប់ខ្លួន ហើយបន្ទាប់មកនាងក៏បានលោតទឹកទៅតាមក្រោយ ។ នៅពេលលោតនោះបុរសជាសង្សារ ចេះហែលទឹក តែនាងបានលិចបាត់ក្នុងទន្លេរកសពមិនឃើញ ។ លុះរំលងបានប្រមាណ២ថ្ងៃ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២១ សាកសពក៏បានអណ្តែតទឹកឡើងផ្កាប់មុខ បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។
ទោះបីជាយ៉ាងណាក៏គេពុំទាន់ដឹងច្បាស់ថា សពនារីរូបនោះពិតជាជនជាតិចិន ដែលបានលោតទឹកសម្លាប់ខ្លួន កាលពី២ថ្ងៃមុន ពិតប្រាកដឬយ៉ាងណានោះទេ ដោយពុំទាន់ឃើញសង្សាររបស់នាងចេញមកអះអាងនៅឡើយ ។ រហូតមកដល់វេលាម៉ោង១រសៀល ថ្ងៃដដែលនេះ សមត្ថកិច្ចក៏បានរៀបចំចាត់ចែងឱ្យទូកអូស និងស្រង់សាកសព យកមកលើគោកដើម្បីធ្វើការត្រួតពិនិត្យផងដែរ ៕
មតិយោបល់