ព័ត៌មានជាតិ

រថយន្តក្រុងចំនួន៨០គ្រឿង ត្រូវបានរដ្ឋាភិបាលជប៉ុនសម្រេចផ្តល់ឲ្យកម្ពុជា

ភ្នំពេញៈ រដ្ឋាភិបាលជប៉ុនបានអនុម័តផ្តល់ជំនួយឥតសំណងជារថយន្តក្រុងសរុប១៤០គ្រឿង ដល់រាជធានីភ្នំពេញ រហូតដល់ឆ្នាំ២០២០ តាមផែនការពង្រីកខ្សែដឹកជញ្ជូនចំនួន១០ខ្សែបន្ថែមទៀត ខណៈបច្ចុប្បន្នទើបតែមានខ្សែរត់ចំនួន៣ខ្សែ ជាមួយនឹងរថយន្តក្រុងចំនួន៥៧គ្រឿង។

រដ្ឋបាលរាជធានីភ្នំពេញបានចុះហត្ថលេខាលើកំណត់ត្រាប្រគល់រថយន្តក្រុងពីប្រទេសជប៉ុននេះកាលពីព្រឹកថ្ងៃទី២១ ខែកក្កដា តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងលោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ។

លោក អៀង អូននី បានឲ្យដឹងនៅក្រោយពិធីចុះហត្ថលេខាថា ការផ្តល់រថយន្តក្រុងចំនួន១៤០គ្រឿង ត្រូវធ្វើជាពីរដំណាក់កាល ដោយក្នុងនោះនៅដំណាក់ទី១ មានចំនួន៨០គ្រឿង ដោយចំនួន ៣០គ្រឿង នឹងមកដល់នៅចុងឆ្នាំ២០១៧ និង៥០គ្រឿងទៀត នឹងមកដល់នៅដើមឆ្នាំ២០១៨។ ចំណែកដំណាក់កាលទី២ នឹងមកដល់ចំនួន៦០គ្រឿង នៅឆ្នាំ២០២០។

លោកអភិបាលរងថ្លែងថា ការពង្រីកសេវារថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញ នឹងកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយកាត់បន្ថយផល់ប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។

លោក អៀង អូននី បានឲ្យដឹងបន្ថែមថា រដ្ឋាភិបាលជប៉ុនតែងជួយដោះស្រាយបញ្ហាប្រឈមក្នុងរាជធានីភ្នំពេញគ្រប់វិស័យមានដូចជា ប្រព័ន្ធរំដោះទឹកជំនន់ទឹកភ្លៀង ប្រព័ន្ធចរាចរណ៍ និងសេវាដឹកជញ្ជូនសាធារណៈជាដើមនេះ ដែលរហូតមកដល់បច្ចុប្បន្នមានរយៈពេល២០ឆ្នាំហើយ។

អាជ្ញាធរសាលារាជធានីភ្នំពេញ កំពុងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ដោយក្នុងនោះកំពុងរៀបចំចំណតសាធារណៈ យានដ្ឋានជួសជុលរថយន្តក្រុង ការរៀបចំភ្លើងស្តុបជាថ្មីឡើងវិញ ជាដើម។

លោកស្រី សាតូ តាណាកា (Sato Tanaka) ប្រធានផ្នែកដឹកជញ្ជូននៃការិយាល័យកណ្តាលរបស់ JICA ប្រចាំក្រុងតូក្យូ និយាយថា រដ្ឋាភិបាលជប៉ុនកំពុងរៀបចំផែនការជួយផ្នែកបច្ចេទេសរៀបចំប្រព័ន្ធចរាចរណ៍ និងខ្សែដឹកជញ្ជូនសាធារណៈក្នុងរាជធានីភ្នំពេញដល់ឆ្នាំ២០២០ ដោយក្នុងនោះ ជួយពង្រីកខ្សែដឹកជញ្ជូនចំនួន១០ខ្សែបន្ថែមទៀត។

បញ្ហាកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ បានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាង៦លានដុល្លារអាម៉េរិក ក្នុងមួយខែៗ។ នេះនៅមិនទាន់រាប់បញ្ជូលបញ្ហាគ្រោះថ្នាក់ ការខូចខាទ្រព្យសម្បត្តិ និងខាតបង់ពេលវេលានៅឡើយ៕

មតិយោបល់