ព័ត៌មានជាតិ

អាជីវករលក់បន្លែសាច់ នៅក្នុងផ្សារឈូកមាសផ្ទុះការតវ៉ា រឿងថៅកែផ្សារបញ្ឈប់កុងត្រាជួលតូប ដោយគ្មានមូលហេតុ

ភ្នំពេញៈ ក្រុមអាជីវករដែលលក់បន្លែសាច់ប្រមាណ១៤៧នាក់ ដែលជួលតូបលក់ដូរ ក្នុងផ្សារឈូកមាស បានផ្ទុះការតវ៉ានឹងម្ចាស់ផ្សារ ដែលបញ្ឈប់កុងត្រាជួលតូប ដោយគ្មានមូលហេតុ។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ ក្នុងទីតាំងផ្សារឈូកមាស ស្ថិតនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ការតវ៉ារបស់ក្រុមអាជីវករនេះ ក្រោយពីម្ចាស់ផ្សារបានជូនដំណឹងដោយផ្ទាល់មាត់ថា ឈប់ជួលតូបទៅឲ្យអាជីវករបន្តទៀត បន្ទាប់ពីបានទុកពេលឲ្យមួយខែកន្លងមកនោះ។

លោក ហោ សុខាន់ តំណាងអាជីវករលក់បន្លែសាច់ ក្នុងផ្សារឈូកមាស បានបញ្ជាក់ដែរថា៖ ការដែលពួកគាត់ ធ្វើការតវ៉ានៅពេលនេះ គឺដោយសារតែខាងម្ចាស់ផ្សារ បានបញ្ឈប់កុងត្រាការជួលតូបលក់ដូរដល់ពួកគាត់តទៅទៀត ខណៈមិនបញ្ជាក់មូលហេតុអ្វីសោះ ដែលធ្វើឲ្យពួកគាត់ ជួបនូវការលំបាក ដោយសារគ្មានកន្លែងដូរ និងបាត់ចំណូលចិញ្ចឹមគ្រួសារ មិនតែប៉ុណ្ណោះអ្នកខ្លះ បានខាតបង់ថ្លៃទិញតូបតៗគ្នា ក្នុងតម្លៃថ្លៃ ហើយក៏ស្រាប់តែត្រូវម្ចាស់ផ្សារបញ្ឈប់ការជួលទាំងបែបនេះ តើឲ្យពួកគាត់ទៅលក់នៅឯណា? ដូចច្នេះហើយសូមខាងក្រុមហ៊ុនផ្សារ មេត្តាជួយបន្តកុងត្រាឲ្យពួកគាត់បានលក់បន្តទៀតផង។

លោក ហោ សុខាន់ តំណាងអាជីករបានបន្តទៀតថា៖ ពួកគាត់បានដាក់លិខិតមួយច្បាប់ជូនទៅរដ្ឋបាលខណ្ឌសែនសុខ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧នេះរួចហើយ ដែលសុំឲ្យលោក ម៉ូវ ម៉ានិត ដែលជាខណៈអភិបាលខណ្ឌ ជួយអន្តរាគមន៍ និងដោះស្រាយនៅបញ្ហានេះ ជូនពួកគាត់ផង ប៉ុន្តែខាងរដ្ឋបាលខណ្ឌ ពុំទាន់មានការឆ្លើយតបនោះទេ។
ចំណែកបុគ្គលិកក្រុមហ៊ុន ដែលប្រចាំការក្នុងការិយាល័យផ្សារឈូកមាសវិញ បានឲ្យដឹងថា ចំពោះបញ្ហាការបញ្ឈប់កុងត្រាជួលតូបលក់បន្លែ ត្រី​ សាច់ ខាងលើនេះ គឺពួកគាត់ពុំបានដឹងពីមូលហេតុច្បាស់លាស់ណាមួយពីថៅកែនោះទេ គឺគ្រាន់តែដឹងថា ខាងថៅកែរបស់ខ្លួន បានជូនដំណឹងដោយផ្ទាល់មាត់ ទៅក្រុមអាជីវកររួចអស់ហើយ កាលពីមួយខែមុន ប៉ុន្តែបងប្អូនដែលជាអាជីវករ មិនសុខចិត្តបាននាំគ្នាសុំជួបខាងតំណាងក្រុមហ៊ុនចំនួនបីលើកដែរ តែដំណោះស្រាយនោះ នៅតែដដែលដោយខាងក្រុមហ៊ុន នៅតែមិនបន្តកុងត្រាជួលតូបលក់នោះតទៅទៀត។

ជាចុងក្រោយបងប្អូនអាជីវករក៍បានសំណូមពរ ទៅក្រុមហ៊ុនជាម្ចាស់ផ្សារ សុំឲ្យបន្តការជួលតូបឲ្យពួកគាត់ បានលក់ដូរជាធម្មតាវិញផង ហើយជាពិសេសលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខតែម្តង មេត្តាជួយរកដំណោះស្រាយជូនពួកគាត់ផង។

ពាក់ព័ន្ធបញ្ហាខាងលើនេះ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានមានប្រសាសន៍ថា លោកទទួលបានលិខិតស្នើសុំ និងជួយដោះស្រាយនេះកាលពីថ្ងៃសុក្រ ហើយលោកបានចាត់ឲ្យអភិបាលរងម្នាក់ ដែលទទួលជំនាញឲ្យហៅភាគីទាំងពីរ មកសម្របសម្រួល និងធ្វើការដោះស្រាយ៕

មតិយោបល់