ព័ត៌មានជាតិ

សិស្សអនុវិទ្យាល័យស្រឡៅម្នាក់ រត់កម្តៅសាច់ដុំក្នុងម៉ោងកីឡា ហត់ពេកសុំទឹកមិត្តភក្តិផឹកដួលស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ!

បន្ទាយមានជ័យៈ លោកអធិការស្រុកម៉ាឡៃ បានប្រាប់Post News ថា ​មានករណី សិស្សអនុវិទ្យាល័យស្រឡៅ​ម្នាក់ បានរត់ហាត់កីឡាត្រឹកៗក្នុងបរិវេណសាលា ហត់ពេកសុំទឹកមិត្តភក្តិផឹក ស្រាប់តែស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិចាន់គិរី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ សួង រិទ្ធី ភេទប្រុស ជាសិស្សរៀនថ្នាក់ទៅ៧A នៅអនុវិទ្យាល័យស្រឡៅ ហើយនៅមុនពេលកើតហេតុ សិស្សថ្នាក់ទី៧A ទាំងអស់បានចូលរួមហាត់កីឡាកម្តៅសាច់ដុំ (ម៉ោងកីឡា) ដោយឲ្យសិស្សរត់ត្រឹកៗ លុះក្រោយពីហាត់ប្រាណបានបន្តិចរួចមក គ្រូក៏បានឲ្យសិស្សសម្រាក ដោយសិស្សរងគ្រោះហត់ពេក បានសុំទឹកមិត្តភក្តិផឹក គ្រាន់តែផឹករួចស្រាប់តែដួលតែម្តង ក៏ត្រូវបានគ្រូនិងសិស្សផ្សេងទៀតនាំគ្នាលើកដាក់លើបង់អង្គុយ ដើម្បីធ្វើចលនាបេះដូង និងបានបញ្ជូនទៅកាន់មណ្ឌលសុខភាពម៉ាឡៃ អកុសល្យគ្រូពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់ទៅហើយ ដោយសារតែទឹកបុកចូលបេះដូង។

បច្ចុប្បន្នសពក្មេងរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់