ព័ត៌មានជាតិ

អត់លុយទិញគ្រឿងញៀន បែកគំនិតប្លែកៗ ជាប់ខ្នោះលេង!

កណ្តាល:​ ជនសង្ស័យម្នាក់អត់លុយទិញថ្នាំញៀនជក់ បានបែកគំនិតចូលទៅលួចលុយ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១២និង៣០នាទៅ ថ្ងៃត្រង់ទី១២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

ស្ត្រីជាម្ចាស់ផ្ទះ​បានអះអាងថា ខ្លួន​បានបាត់បង់ទ្រព្យសម្បត្តិរួមមាន​ ខ្សៃដៃប្លាទីនទម្ងន់៣,៥ជី​ , ចិញ្ជៀនប្លាទីន ទម្ងន់១,៥ជី​ ,ប្រាក់រៀលចំនួន​១៤០០រៀល​ បន្ទាប់ពី​មានជនសង្ស័យឈ្មោះ កែន ស្រ៊ាង​ ហៅសឿ ភេទប្រុស អាយុ២១ឆ្នាំ ខាងលើបានធ្វើ​សកម្មភាព​ យកកន្ត្រៃកាត់ដែកកាត់ ជញ្ជាំងស័ង្កសីចូលផ្ទះជនរងគ្រោះដែលគ្មានអ្នកណានៅ រួចបានព្យាយាមចេញមកខាងក្រៅវិញ ក៏ត្រូវកូនស្ត្រីជាម្ចាស់ផ្ទះឃើញ នាំគ្នារាយការណ៍ជូនសមត្ថកិច្ចដើម្បីចាប់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួន​ពិតជាបានលួចប្រាក់ចំនួន១៤០០រៀល (មួយពាន់បួនរយរៀល)មែន​ ហើយ កាលពី​អំឡុងឆ្នាំ២០១៦ ខ្លួនបានចូលលួចលុយ​នៅផ្ទះជនរង​គ្រោះ​ខាងលើ បានចំនួន៣០០,០០០​រៀល (បីសែនរៀល)យកទៅចាយ និងប្រើប្រាស់គ្រឿងញៀន​ផងដែរ។

បច្ចុប្បន្ន​ ជនសង្ស័យបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់