ព័ត៌មានជាតិ

ជនបរទេសជិះម៉ូតូឌុបមិត្តស្រី បុករថយន្តកំពុងតែឆ្លងផ្លូវ បណ្តាលឲ្យរបួសធ្ងន់ទាំង២នាក់

ភ្នំពេញៈ បុរសម្នាក់ជាជនជាតិបរទេស រួមដំណើរជាមួយមិត្តស្រី ជិះម៉ូតូធំក្នុងល្បឿនលឿនពេក ក៏ជ្រុលចង្កូតទៅបុករថយន្តសាំយ៉ុងដឹងអីវ៉ាន់មួយគ្រឿងចំពីមុខពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ជាជនជាតិបរទេសរូបនោះ រងរបួសធ្ងន់ រីឯនារីជាសង្សាវិញបាក់ជើង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម កែងផ្លូវ ១៨៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AI-1192 បើកតាមបណ្តោយមហាវិថីព្រះនរោត្តម បម្រុងនឹងបត់ទៅផ្លូវ១៨៤ ស្រាប់តែមានបុរសម្នាក់ជាជនជាតិបរទេសរួមដំណើរជាមួយមិត្តស្រី ជិះម៉ូតូម៉ាកប៉ាចា ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 1K-3293 បើកបរតាមបណ្តោយមហាវិថីព្រះនរោត្តម បញ្ច្រាសទិសដៅគ្នា បើកម៉ូតូក្នុងល្បឿនពេក ក៏រ៉េចង្កូតទៅបុកចំពីមុខរថយន្តសាំយ៉ុងពេញទំហឹង បណ្តាលឲ្យរថយន្តនឹងម៉ូតូរងការខូចខាតយ៉ាងដំណំ។ រីឯបុរសជាជនជាតិបរទេសនោះបោកក្បាលនឹងកញ្ចក់រថយន្ត បែកមុខហូរឈាម ហើយនារីជាសង្សារនោះបាក់ជើងត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញក៏បានមកដល់ទាក់ទងទៅសម្ថកិច្ចជំនាញចរាចរណ៍ក្រុងឲ្យមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់បន្តទៀត ៕

មតិយោបល់