ភ្នំពេញៈ សមត្ថកិច្ចបានឃាត់ខ្លួនស្រ្តីជាបុគ្គលិកអាផាតមិនអេសធីម្នាក់ ពាក់ព័ន្ធនឹងករណីចោរកម្ម បន្ទាប់ពីបានធើ្វសកម្មភាពលួចលុយពីបុរសម្នាក់ចំនួន១១០ដុល្លារ។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៤ និងទី៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៤រសៀល ស្ថិតត្រង់ចំណុចអាផាតមិនអេសធី១៩ ផ្លូវលេខ១៨៣ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ យ៉ង វណ្ណឌី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរគ្រប់គ្រងអាផាតមិនអេសធី(តំណាងម្ចាស់ អាផាតមិន) និងជនសង្ស័យឈ្មោះ អ.ស.ស ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអនាម័យអាផាតមិនអេសធី ទាំងពីរនាក់ស្នាក់នៅទីតាំងកើតហេតុ។
មុនពេលកើតហេតុនៅថ្ងៃខែឆ្នាំដដែល មានភ្ញៀវម្នាក់ឈ្មោះ ខេស៊ី ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិអូស្ត្រាលី បានជួលបន្ទប់លេខ១២០ ជាន់ទី១២ នៅទីតាំងកើតហេតុខាងលើ បានចុះមកប្រាប់អ្នកគ្រប់គ្រងថា រូបគាត់បាត់លុយសរុបជាង៥០០ដុល្លារ នៅក្នុងកាបូបដែលគាត់ទុកលើតុក្នុងបន្ទប់។
លុះមកដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១១ម៉ោងព្រឹក អ្នកគ្រប់គ្រងឈ្មោះ យ៉ង វណ្ណឌី និងជនបរទេសឈ្មោះ ខេស៊ី បានពិភាក្សាគ្នាដើម្បីស្រាវជ្រាវ រកចោរដែលលួចលុយនោះ ដោយអ្នកគ្រប់គ្រងបានយកលុយចំនួន៥០០ដុល្លារ ដាក់ចូលទៅក្នុងកាបូបដៃពណ៌ស្វាយ ទុកលើតុក្បែរគ្រែគាត់ដេក រួចឲ្យជនជាតិបរទេសចេញពីបន្ទប់ដែលគាត់ស្នាក់នៅ រួចអ្នកគ្រប់គ្រងបានឲ្យបុគ្គលិករបស់គាត់ឈ្មោះ អ.ស.ស និងឈ្មោះ ប.ស.វ ដែលសង្ស័យជាអ្នកលួចលុយ បន្ទាប់ពីបោសសម្អាតក្នុងបន្ទប់នោះ រហូតដល់ម៉ោង៤និង៣០នាទីល្ងាច ថ្ងៃខែដដែល បុគ្គលិកទាំង២នាក់ បានចូលសម្អាតបន្ទប់រួច ក៏នាំគ្នាចុះមកក្រោមវិញ ខណៈនោះអ្នកគ្រប់គ្រងបានចូលទៅត្រួតពិនិត្យបន្ទប់ និងមើលកាបូបលុយទុកលើតុ ឃើញបាត់លុយអស់ចំនួន១១០ដុល្លារ
បន្ទាប់ពីស្រាវជ្រាវរកឃើញមុខសញ្ញា ភ្លាមៗនោះអ្នកគ្រប់គ្រង បានឃាត់ខ្លួនឈ្មោះ អ៊ុន ស្រីស បញ្ជូនទៅសមត្ថកិច្ចតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនបានលួចលុយចំនួន១១០ដុល្លារ យកទៅលាក់នៅបន្ទប់ដាក់សម្ភារៈអនាម័យនៅជាន់ក្រោមពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
មតិយោបល់