ភ្នំពេញៈ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើងចំនួន ៥លើក (យប់ ១លើក) បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ (ស្រី ១នាក់) រង របួសធ្ងន់ ៥នាក់ (ស្រី ២នាក់) និងរបួសស្រាល ២នាក់ (ស្រី ១នាក់)។ នៅក្នុង ហេតុការណ៍គ្រោះថ្នាក់ ចរា ចរណ៍ ៥លើក នេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ៩គ្រឿង រួមមាន ម៉ូតូ ចំនួន ៥គ្រឿង រថយន្តធុនតូច ចំនួន ២គ្រឿង និងរថយន្តធុនធំ ចំនួន ២គ្រឿង (គិតចាប់ពីម៉ោង ១៤ ថ្ងៃទី៧ ខែមិថុនា ដល់ម៉ោង ១៤ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦)។
ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យ កើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍រួមមាន មិនប្រកាន់ស្តាំ ២លើក, មិនគោរពសិទ្ធិ ១លើក (ស្លាប់ ១នាក់), កត្តាយានយន្ត ១លើក (ស្លាប់ ១នាក់) និងប្រជែងគ្រោះថ្នាក់ ១លើក។ ក្នុងនោះ អ្នក មិន ពាក់មួក សុវត្ថិភាព ពេល គ្រោះថ្នាក់ចរាចរណ៍៧នាក់ (យប់ ៣នាក់) ។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិចំនួន២លើក ផ្លូវខេត្ត-ក្រុង ចំនួន២លើក និងផ្លូវលំ ចំនួន១លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ២លើក រថយន្តធុនតូច២លើក និងរថយន្តធំ១លើក។
យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្ត ទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់រួមមាន ខេត្តកំពង់ធំ ១លើក ស្លាប់ ១នាក់ (ស្រី) របួស២នាក់ (ស្រី ១នាក់) និង ខេត្តត្បូងឃ្មុំ ១លើក ស្លាប់១នាក់ របួស១នាក់។
ប្រភពព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យាន យន្តដែល្មើស សរុបទូទាំងប្រទេស មានចំនួន ២៦៦៤គ្រឿង ក្នុងនោះបានធ្វើ ការអប់រំ ចំនួន ១២៣៧គ្រឿង និងពិន័យ សរុប ១៤២៧គ្រឿង៕
មតិយោបល់