ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានព្រមានរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនដឹកជញ្ជូនឯកជន ចូលជាសម្បត្តិរដ្ឋ បើសិនជាក្រសួងព្រមានមិនស្ដាប់។ ការព្រមានធ្ងន់ៗពីសំណាក់លោករដ្ឋមន្ត្រីរូបនេះ ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ ដែលបង្កឲ្យមានហានីភ័យដល់ការថែទាំ និងប្រើប្រាស់ផ្លូវថ្នល់សាធារណៈឲ្យបានយូរអង្វែង ជាពិសេស គឺគ្រោះថ្នាក់ចរាចរណ៍។
ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សា និងពិនិត្យលទ្ធផលអនុវត្តការងារ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ស៊ុន ចាន់ថុល បានលើកឡើងថា ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់របស់ក្រុមហ៊ុនឯកជន ដែលកន្លងមកតែងតែបង្កហានីភ័យខ្ពស់ដល់ការថែទាំ និងប្រើប្រាស់ផ្លូវថ្នល់សាធារណៈ ជាពិសេស បង្កគ្រោះថ្នាក់ចរាចរណ៍ផងនោះ ក្រសួងនឹងធ្វើការរឹបអូសយកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទាំងនោះចូលជាសម្បត្តិរដ្ឋ ប្រសិនបើក្រសួងព្រមាន ម្ដងឬជាពីរដងមិនស្ដាប់។
លោកទេសរដ្ឋមន្ត្រី ក៏បានព្រមានចាត់វិធានការក្ដៅផងដែរ ដល់យានដ្ឋានកែច្នៃយានយន្តខុសពីបទដ្ឋានស្ដង់ដារបច្ចេកទេស ដោយទុករយៈពេល៣ខែ ដើម្បីឲ្យម្ចាស់យានដ្ឋានទាំងនោះ មកចុះបញ្ជីឲ្យបានត្រឹមត្រូវជាបន្ទាន់។ លោកបញ្ជាក់ថា គិតរហូតដល់ថ្ងៃនេះ មានយានដ្ឋានកែច្នៃយានយន្តស្របច្បាប់តែ ៧៩៨កន្លែងប៉ុណ្ណោះ ដែលបានចុះបញ្ជីធ្វើអាជីវកម្ម។ នៅសល់ជាង១០០០យានដ្ឋានទៀត ដែលមិនទាន់បានចុះបញ្ជី ក្រសួងនឹងចាត់វិធានការក្រោយរយៈពេល៣ខែ គិតចាប់ពីថ្ងៃនេះតទៅ ក្នុងករណីយានដ្ឋានទាំង១៩២៣កន្លែងនេះ មិនព្រមមកចុះបញ្ជីឲ្យបានត្រឹមត្រូវ។ ប៉ុន្តែក្នុងរយៈពេល៣ខែនេះដែរ ក្រសួងនឹងហៅម្ចាស់យានដ្ឋានទាំងនោះមកចុះបញ្ជីផងដែរ។
គួរជម្រាបថា កិច្ចប្រជុំពិភាក្សា និងពិនិត្យលទ្ធផលអនុវត្តការងារ ដែលរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី៩ ខែមិថុនានេះ បានធ្វើការពិភាក្សា និងពិនិត្យលើលទ្ធផលអនុវត្តការងារទាក់ទងនឹងការកែច្នៃដំឡើងយានយន្តខុសពីស្ដង់ដារបច្ចេកទេស ការពង្រឹង និងវិធានការទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ការគ្រប់គ្រងរថយន្តធុនធ្ងន់ចេញ-ចូលក្នុងរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងអភិបាល នៃគណៈអភិបាលរាជធានីខេត្តទូទាំងប្រទេស៕
https://youtu.be/G6bnYm06GOo
មតិយោបល់