ភ្នំពេញៈ ស្រ្តីម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកឃាត់ខ្លួន បន្ទាប់ពីពួកនាងបានប្រើល្បិចលួងលោមបុរសរត់ម៉ូតូឌុបម្នាក់ ឲ្យទៅដេកផ្ទះសំណាក់ជាមួយ ហើយពួកនាងបានទិញទឹកក្រឡុក ដោយដាក់ថ្នាំសណ្ដំចំនួន៦គ្រាប់ឲ្យបុរសនោះផឹក បណ្ដាលឲ្យសន្លប់ស្ដូកស្ដឹងនៅក្នុងបន្ទប់ រួចប្រុងយកម៉ូតូជនរងគ្រោះចេញ តែត្រូវម្ចាស់ផ្ទះសំណាក់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២០យប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់ពន្លឺពេជ្រ ទីតាំងលេខ៤៣បេ៣ តាមបណ្ដោយផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហែម សុភី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលលេខ២៣ ភូមិដំណាក់ធំ២ សង្កាត់-ខណ្ឌមានជ័យ ។ ចំណែកឯនារីសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះឈ្មោះសេង លីម៉េង អាយុ២៨ឆ្នាំ មុខរបររកស៊ីផ្លូវភេទ។ រីឯបក្ខពួកដែលរត់គេចខ្លួនបាត់ឈ្មោះ ស្រី មុំ ភេទស្រី អាយុ២០ឆ្នាំ មុខរបររកស៊ីផ្លូវភេទ ស្នាក់នៅមិនពិតប្រាកដ។ ចំណែកវត្ថុតាងចាប់បានម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FX-3283 ប្រគល់ឲ្យជនរងគ្រោះវិញ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូដឹកជនសង្ស័យ២នាក់នៅម្ដុំផ្សារកណ្ដាល យកទៅដេកនៅផ្ទះសំណាក់យីហោពន្លឺពេជ្រ ពេលនោះនារីសង្ស័យទាំង២នាក់ បានប្រើល្បិចទិញទឹកក្រឡុកឲ្យបុរសរងគ្រោះផឹក ដោយបានដាក់ថ្នាំចូលចំនួន៦គ្រាប់ ហើយបុរសរងគ្រោះបានផឹកទឹកក្រឡុកនេះរួចក៏សន្លប់។ បន្ទាប់ពីនារីសង្ស័យទាំង២ បានចុះមកក្រោម ដើម្បីយកម៉ូតូ តែត្រូវម្ចាស់ផ្ទះមិនឲ្យយកចេញ និងឡើងទៅមើលជរងគ្រោះស្រាប់តែឃើញដេកសន្លប់ រួចហៅម៉ូតូកង់បីដឹកមកមន្ទីរពេទ្យកាលម៉ែតជាមួយនិងជនសង្ស័យផងដែរ។
ក្រោយពេលមកដល់មន្ទីរពេទ្យកាល់ម៉ែត ភ្លាមនោះនារីសង្ស័យម្នាក់ឈ្មោះ ស្រី មុំ បានរត់គេចខ្លួនបាត់ នៅសល់តែនារីសង្ស័យឈ្មោះសេង លីម៉េង ត្រូវបានម្ចាស់ផ្ទះសំណាក់ និងសន្តិសុខចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង៕
មតិយោបល់