ព័ត៌មានជាតិ

(ខ្សឹប):ភ្លៀង១មេធំលើកដំបូង បង្ហាញពីសមត្ថភាពលោកប៉ា សុជាតិវង្ស និងលោក សាំ ពិសិដ្ឋ

ក្រុមមន្ត្រីមួយចំនួនរួមនិងពលរដ្ឋផងដែរ បានខ្សឹបមកនាយក្តាមប្រៃ យើងឱ្យដឹងថា នៅរាជធានីភ្នំពេញកាលពីម្សិលមិញបានទទួលព្រះពិរុណមួយមេធំ ដែលមានរយៈពេលតែជាង ២ម៉ោងប៉ុណ្ណោះ នឹងជាលើកដំបូងនាដើមរដូវវស្សានេះ ហើយក៏ជាការបង្ហាញ នឹងចង់ដឹងពីស្នាដៃ ក៏ដូចជាសមត្ថភាពនៃមេដឹកនាំសាលារាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស នឹងមេដឹកនាំមន្ទីរសាធារណការរាជធានី លោក សាំ ពិសិដ្ឋ ផងដែរ។

ប្រភពដដែលបានខ្សឹបប្រាប់ថា នៅគ្រាដែល ព្រះពិរុណបង្អោ មកលើរាជធានីពេញត្រឹមរយៈពេលខ្លីសោះ វាបានបង្កឱ្យស្ទើរទូទាំងរាជធានីដែលគេហៅថា ទីក្រុងគុជ ទីក្រុងបៃតង នោះពោរពេញទៅដោយទឹកភ្លៀង ល្ហល្ហាច ប្រៀបពេញតាមដងផ្លូវទាំងអស់ដោយកន្លែងខ្លះ ទឹកត្រឹមជង្គង់ និងកន្លែងខ្លះ ស្ទើរតែត្រឹមចង្កេះ ដោយមានលាយឡំជាមួយល្បាយកាកសំណល់ដ៏កខ្វក់នៅអណ្តែតត្រៀបត្រា ហើយគេមើលទៅប្រៀបដូចកូនដៃទន្លេដែលមានទឹកខ្មៅ នៅកណ្តាលក្រុងដូច្នេះដែរ។
ក្រុមមន្ត្រីដដែលបានខ្សឹបប្រាប់នាយក្តាមប្រៃយើងឱ្យដឹងទៀតថាទន្ទឹមនឹងគ្រាដែលរាជធានីភ្នំពេញទទួលភ្លៀងតែមួយមេតូចប៉ុណ្ណឹងសោះ វាបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋធ្វើការរិះគន់យ៉ាងខ្លាំងទៅដល់អាជ្ញាធរ រាជធានីភ្នំពេញ ដែលមានលោកប៉ា សុជាតិវង្ស ជាអភិបាល លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានី រួមទាំងលោក នៅ សារឿន ប្រធានអង្អភាពផ្នែកលូទឹកផងដែរ។

បងប្អូនប្រជាពលរដ្ឋបានធ្វើការរិះគន់ចំៗថា ភ្លៀង១មេធំ ម្សិលមិញនេះ វាបានបង្ហាញឱ្យឃើញពីភាពកំសោយនៃការដឹកនាំរបស់មេដឹកនាំសាលារាជធានីភ្នំពេញទៅលើបញ្ហាម្រព័ន្ធលូទឹកដែលនៅតែជាបញ្ហាដដែលជាដដែលរាល់ៗឆ្នាំមកហើយ។

មន្ត្រីទាំងនោះបានខ្សឹបប្រាប់ទៀតថា ពួកគេនៅចាំបានថា ចៅ ហ្វាយក្រុងភ្នំពេញលោក ប៉ា សុជាតិវង្ស កាលពីគាត់ឡើងកាន់ដំណែងជាចៅហ្វាយក្រុង ជំនួសលោក កែប ជុតិម៉ា នោះចៅហ្វាយក្រុងថ្មីដ៏មហិមា លោកប៉ា សុជាតិ នេះបានប្តេចជ្ញា ប្រាប់មហាជនក្នុងទីក្រុងថា ក្នុងអណ្ណតិ ជាអភិបាលរាជធានីភ្នំពេញលោកនឹងចាប់យកបញ្ហាជាចំបងនោះ គឺស្តារ នឹងកសាងប្រព័ន្ធលូទឹកមុនគេ ដើម្បីបញ្ជៀសការជន់លិចដោយទឹកភ្លៀងនៅរដូវវស្សា។ ប៉ុន្តែ តាំងពីនោះមករហូតដល់ពេលនេះភ្លៀងនៅតែលិចទីក្រុងដដែលជាដដែល តំបន់លិចនៅតែលិចដដែល។ ហើយពេលទឹកលិចគេតែងតែឃើញមុខមន្ត្រីមូលដ្ឋានមួយចំនួនបានដឹកនាំមន្ត្រីក្រោមឱវាទចុះទៅកាយមាត់សំរាមមាត់លូ ដើម្បីឱ្យទឹកហូរបានលឿន។

ប្រភពដដែលបានខ្សឹបប្រាប់ នាយក្តាមប្រៃ យើងឱ្យដឹងថា នៅពេលភ្លៀងធំម្តងៗ លោកចៅហ្វាយក្រុង លោកប្រធានមន្ទីរសាធារណការក្រុង មិនបានចេញមកពិនិត្យមើលផ្ទាល់ភ្នែកពីស្ថានភាពពេលភ្លៀងជន់លិចនោះទេដោយអស់លោក អង្គុយតែប៊ុយរ៉ូ ស្តាប់របាយការណ៍មន្ត្រីថ្នាក់ក្រោមរាយការណ៍អ្វីៗល្អៗ ជូនតែប៉ុណ្ណោះ ហើយបើអស់លោកមេៗ ចេញមកផ្ទាល់ខ្លាចប៉ះទឹកស្អុយ ខ្លាចទឹកស្អុយលិចចូលឡានដែលមានតម្លៃរាប់ម៉ឺនដុល្លារ។

ប្រភពនៅបានខ្សឹបទៀតថា ក្រោយពីមានការរិៈគន់ពីប្រជាពលរដ្ឋទូទៅក្នុងរាជធានីភ្នំពេញពីទឹកភ្លៀងជន់លិចដដែលជាដដែលនឹងគ្មានជំនឿរលើស្នារដៃលោកចៅហ្វាយក្រុងនោះរួចមក បានធ្វើឱ្យទាំងអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ទាំងប្រធានមន្ទីសាធារណការ​រាជធានី លោក សាំ ពិសិដ្ឋ បានខិតខំចេញបកស្រាយតាម ហ្វេសប៊ុកផ្ទាល់ខ្លួនផង តាមសារព័ត៌មានផងដែរ ដើម្បីលុបលាងកុំឱ្យអាម៉ាស់ទៅដល់ប្រជាពលរដ្ឋខ្លាំងពេក។

គេនៅបានខ្សឹបទៀតថា ការចេញបកស្រាយទាំងនោះគ្រាន់តែបង្ហាញថាស្ថានភាពក្រោយភ្លៀងថា ឆ្នាំនេះបានគ្រាន់បើជាងឆ្នាំមុនៗបន្តិចប៉ុណ្ណោះ។

ប្រជាពលថា នេះភ្លៀងត្រឹមតែជាង ២ម៉ោងវាប៉ុណ្ណឹងទៅហើយ ចុះតទៅមុខទៀត បើមានភ្លៀងរាប់ម៉ោង តើភ្នំពេញទៅជាយ៉ាងណា?៕

photo_2016-06-09_11-48-12photo_2016-06-09_11-48-13 (2)photo_2016-06-09_11-48-13photo_2016-06-09_11-48-14photo_2016-06-09_11-48-15photo_2016-06-09_11-48-16 (2)photo_2016-06-09_11-48-16photo_2016-06-09_11-48-17

មតិយោបល់