ព័ត៌មានជាតិ

កំហឹងស្ទាវ! ឈ្លោះគ្នាក្នុងChat ជួបនៅខាងក្រៅជម្រះបញ្ជី !

ភ្នំពេញ: ក្មេងប្រុសម្នាក់បានរងរបួសស្រាល ក្រោយពីមានពីមានជម្លោះគ្នាជាមួយយុវជនម្នាក់ដែលជាមិត្តភក្ដិតាម Facebook Chat លុះពេលបានជួបមុខគ្នា ឌឺដងដាក់គ្នាចុះឡើងក៏ផ្ទុះហិង្សាផ្អើលសមត្ថកិច្ចតែម្តង។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងផ្សារជម្ពូវ័ន ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ហួត អាយុ១៦ឆ្នាំ។ ចំណែកយុវជនដៃដល់ត្រូវបាននគរបាលចាប់ខ្លួនបានទាំង២នាក់ ហើយក្នុងនោះ ម្នាក់ឈ្មោះ ប៊ុន ចាន់ណារិទ្ធ ហៅពិសិដ្ឋ អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងម្នាក់ទៀតឈ្មោះជឿន ចាន់ដារ៉ា អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

មុនពេលកើតហេតុភាគីទាំងសងខាងគឺបានឈ្លោះគ្នាតាមFacebook chat ដោយបានជេរគ្នាទៅវិញទៅមកយ៉ាងចាស់ដៃ ផ្ដើមចេញពីជនរងគ្រោះអាយុតិចជាង តែហៅជនដៃដល់អាមឹង។ មិនតែប៉ុណ្ណោះជនដៃដល់បានប្រាប់ជនរងគ្រោះតាមឆាតថា (ឯងកុំឲ្យអញជួបមុខឲ្យសោះ)។

ក្រោយពេលគំរាមពីពេលព្រឹក លុះដល់វេលាថ្ងៃត្រង់ខណ:ដែលក្មេងប្រុសរងគ្រោះកំពុងអង្គុយនៅកន្លែងលក់សាច់ជ្រូក ក្នុងផ្សារជម្ពូវ័នស្រាប់តែលេចមុខជនដៃដល់និងបក្ខពួកជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៌ក្រហមអត់ស្លាកលេខទៅដល់ ក៏បានឌឺដងដាក់គ្នារហូតឈានដល់ការប្រើហិង្សាវាយតប់គ្នាហើយជនដៃដល់ឈ្មោះប៊ុន ចាន់ណារិទ្ធ ហៅ ពិសិដ្ឋ ទាញមួកសុវត្ថិភាពវាយក្មេងប្រុសរងគ្រោះ បណ្ដាលឲ្យរងរបួសស្រាល ប៉ុន្តែបែកក្បាលហូរឈាមតិចៗ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅឃាត់ខ្លួនយកមកសួរនាំតែម្តង៕

មតិយោបល់