ព័ត៌មានជាតិ

សមត្ថកិច្ច ខណ្ឌសែនសុខ បានបង្ក្រាប អ្នកប្រើប្រាស់ គ្រឿងញៀន១០នាក់

ភ្នំពេញៈ មនុស្ស១០នាក់ រួមនិងឧបករណ៍ ប្រើប្រាស់មួយចំនួន ត្រូវបានកម្លាំង សមត្ថកិច្ចចំរុះ បើកប្រតិបត្តិការ ទាំងយប់ធ្វើការ បង្ក្រាបទីតាំង ប្រើប្រាស់ គ្រឿងញៀន នៅតំបន់ មុខមន្ទីរពេទ្យព្រះកុសុមៈ (ហៅពេទ្យលោកសង្ឃ) ភូមិត្រពាំឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង២៣ និង១០នាទីយប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦។

បើតាមកម្លាំងចំរុះនៃ អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដឹកនាំដោយលោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការ នគរបាល ខណ្ឌនិងកម្លាំង អន្តរាគមន៍ពិសេស រាជធានី ជាច្រើននាក់ទៀត បានចុះបង្ក្រាប ទីតាំងខាងលើនេះ ក្នុងនោះ ឃាត់ខ្លួន មនុស្ស១០នាក់ ស្រីបួននាក់រួម និងឧបករណ៍ ប្រើប្រាស់មួយចំនួន។

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ បានមានប្រសាសថា ដោយមាន បទបញ្ជារ ពីលោកអគ្គស្នងការរង និង ជាស្នងការរាជធានីភ្នំពេញ និង ដោយមានការសំរបសំរួល ពីលោក ងិន ពេជ ព្រះរាជ អាជ្ញារងនៃ អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបាន បញ្ជាមកលោកឲ្យចុះ សហការនិងធ្វើរដ្ឋបាល នៅចំណុចខាងលើ ដែលជាតំបន់ស្មុកស្មាញ ទើបលោកដឹកនាំ កម្លាំងចុះមកបង្ក្រាប ឲ្យដូចភ្លៀងរលឹម ក្នុងនោះ ឃាត់ខ្លួនក្មេង ដែលតែងតែដើរចោលផ្ទះ និង ប្រមូលផ្តុំ ប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនបាន១០នាក់ ស្រីបួននាក់ដកហូត បានឧបករណ៍ ប្រើប្រាស់ គ្រឿងញៀន មួយចំនួននិងដាវមួយដើម។

គួរបញ្ជាក់ថាមួយរយៈចុងក្រោយនេះ នគរបាលខណ្ឌសែនសុខ បានបើក យុទ្ធនាការ ឲ្យដូចភ្លៀងរឹម ដោយចុះជាប់គ្នា ទាំងយប់ទាំងថ្ងៃតែម្តង និងបានប្រមូលក្រុមក្មេងដែរ តែងតែដើរចោលផ្ទះ មកប្រមូលផ្តុំ ប្រើប្រាស់ គ្រឿងញៀន ជាច្រើនអ្នក ក្នុងនោះមានខ្លះបញ្ជូនទៅ មណ្ឌលកែប្រែ និងខ្លះទៀត បញ្ជូនទៅតុលាការ។

បច្ចុប្បន្នក្រុមប្រើប្រាស់គ្រឿងញៀន រួមទាំងវត្ថុតាងខាងលើ ត្រូវបាននាំខ្លួន យកទៅធ្វើការ សាកសួរនៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ៕

photo_2016-08-10_10-02-51photo_2016-08-10_10-03-17photo_2016-08-10_10-03-23

មតិយោបល់