រនតគិរីៈ លោកវរសេនីយ៍ទោ ថេង ច័ន្ទធី អធិការស្រុកលំផាត់ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបង្កឡើងដោយរថយន្តបើករេចង្កូតក្រឡាប់ធ្លាក់អូរ បណ្តលឲ្យស្លាប់ចំនួន៣នាក់ របួសធ្ងន់ម្នាក់ និងរបួសស្រាលចំនួន៦នាក់។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី១៧ ខែឆ្នូ ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុចអូសាមល់ ផ្លូវក្រាលកៅស៊ូ(មិនទាន់រួចរាល់) ភូមិសាមុត្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរនគីរី។
រថយន្ដខាងលើម៉ាក ហ៊ីយ៉ាន់ដាយ ទម្ងន់២.៥តោន ពាក់ស្លាកលេខភ្នំពេញ 3D-2559 អ្នកបើកបរមានឈ្មោះ វ៉ុន វ៉ាត់ ភេទប្រុស អាយុ២១ឆ្នាំ (គេចខ្លួន)។ ចំណែកអ្នករួមដំណើរជាជនរងគ្រោះទី១ឈ្មោះ ឡាង ឃារិទ្ធ ភេទស្រី អាយុ៣០ឆ្នាំ(ស្លាប់),ទី២ឈ្មោះ ផល លីកា ភេទស្រី អាយុ៣ឆ្នាំ (ស្លាប់),ទី៣ឈ្មោះ លួន រ៉ា ភេទប្រុស អាយុ២៨ឆ្នាំ(ស្លាប់) និងជនរងគ្រោះមួយចំនួនទៀតពុំទាន់ស្គាល់អត្តសញ្ញាណច្បាស់នោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានបញ្ជូនជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់