ព័ត៌មានជាតិ

សាំយ៉ុងបុកម៉ូតូ ស្លាប់២នាក់ នៅស្រុកមោងឫស្សី!

បាត់ដំបងៈ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៩ព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាឲ្យស្លាប់២នាក់ និងរបួសម្នាក់ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចអូរតាមៀវ ភូមិរលួស ឃុំមោងឬស្សី ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ ហែម ហាច ភេទប្រុស អាយុ៦១ឆ្នាំ(របួសស្រាល) ស្នាក់នៅភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង បើកម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1W-3750 និងអ្នករួមដំណើរពុំស្គាល់អត្តសញ្ញាណ(ស្លាប់ចំនួន២នាក់)។
ចំណែកជនបង្កពុំស្គាល់អត្តសញ្ញាណនោះទេ បើករថយន្តម៉ាក សាំយ៉ុង ពណ៌ខៀវ ស្លាកលេខភ្នំពេញ 2Y-0174។

មុនពេលកើតហេតុ គេឃើញអ្នកបើកម៉ូតូធើ្វដំណើរស្របទិសនឹងរថយន្តសាំយ៉ុង ពីភ្នំពេញឆ្ពោះទៅបាត់ដំបង ខណៈនោះម៉ូតូបានបត់ឆ្លងខាងឆ្វេងផ្លូវ ក៏ត្រូវរថយន្តពន្លះពេញទំហឹង បណ្តាលឲ្យរបួសស្រាលម្នាក់ និងស្លាប់២នាក់ ក្នុងនោះមានស្រ្តីម្នាក់ផងដែរ។ រីឯជនបង្កគេចខ្លួនបាត់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅការិយាល័យចរាចរណ៍ខេត្តបាត់ដំបង ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់