ព័ត៌មានជាតិ

លួចគោគេចងបញ្ជូនចូលកុងស៊ី ម្ចាស់គេទាន់ដាក់មេប្រូច!..

ភ្នំពេញៈ ចោរ១ក្រុមបានធ្វើសកម្មភាពលួចដឹកគោឈ្មោល១ក្បាល យកទៅចងលាក់ទុកនៅក្នុងទីលានបញ្ចុះសពមួយកន្លែង ដើម្បីដឹកចេញបន្តទៅលក់ឲ្យកុងស៊ីកាប់គោនៅពេលយប់ ប៉ុន្តែត្រូវបានម្ចាស់គោរួមជាមួយ កម្លាំងប្រជាការពារភូមិនាំគ្នាតាមរកហើយបានប្រទះឃើញ ហើយក៏មានមេគោ១ក្បាលទៀតក៏ត្រូវបានចោរលួចយកទៅចងជាមួយគ្នានោះដែរ ប៉ុន្តែមិនត្រូវបានគេស្គាល់ម្ចាស់នៅឡើយ។
ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅទីលានបញ្ចុះសព ស្ថិតនៅខាងជើងវត្តតាភេម ភូមិតាភេម សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋបានឲ្យដឹងថា ម្ចាស់គោឈ្មោលនោះមានឈ្មោះ អឿន លី អាយុ៥៦ ភេទប្រុស មានទីលំនៅក្នុងភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកមេគោ១ក្បាលទៀតដែលត្រូវចោរលួចដែរ មិនទាន់ត្រូវ បានស្គាល់ម្ចាស់នៅឡើយទេ ។ នៅមុនពេលកើតហេតុគាត់បានប្រើកូនឲ្យដឹកគោឈ្មោល២ក្បាល ទៅចងឲ្យស៊ីស្មៅនៅវាលស្រែខាងកើតភូមិ លុះក្រោយពេល ចងរួចរាល់កូនរបស់គាត់បានដើរត្រឡប់មកផ្ទះវិញ។ ហើយរហូតដល់វេលាម៉ោង១២ថ្ងៃត្រង់ទើប ត្រឡប់ទៅផ្លាស់ចងទៅកន្លែងផ្សេងទៀត ស្រាប់តែបាត់គោ១ក្បាលឈ្មោល១ក្បាលដែលស្លូត រីឯ១ក្បាលទៀតដែលកាចចេះជល់ នៅកន្លែងដដែលទើបចេញដើរ រកពេលនោះត្រូវបានអ្នកស្គាល់គ្នាប្រាប់ថា បានឃើញមានមនុស្សដឹកគោ២ក្បាលយកសំដៅទៅទិសខាងកើត ដើរផងរត់ផង ត្រហេបត្រហបគួរឲ្យសង្ស័យ។

ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះម្ចាស់ក៏តាមរកនៅទីលានបញ្ចុះសពខាងលើ ក៏បានប្រទះឃើញគោ២ក្បាល ត្រូវបានគេ ចងលាក់នៅទីនោះ គឺ១ក្បាលជាគោឈ្មោលរបស់គាត់និង១ក្បាលទៀតគឺជាមេគោ ដែលមិនដឹងថាចោរលួចពីកន្លែងណាមួយ ឡើយ ដែលចោរត្រៀមដើម្បីដឹកយកចេញទៅលក់នៅពេលយប់។ បន្ទាប់មកម្ចាស់គោបានដឹកទាំងគោរបស់ខ្លួន និងមេគោនោះទៅផ្ទះព្រមទាំងប្រគល់មេគោជូនលោកប្រធានភូមិ និងប្រជាការពារភូមិរក្សាទុកព្រមទាំងប្រកាសស្វែងរកម្ចាស់របស់ វា ឲ្យទៅទទួលយកត្រឡប់ទៅផ្ទះវិញ ប៉ុន្តែរហូតដល់វេលាយប់ថ្ងៃដដែលនៅមិនទាន់រកម្ចាស់ឃើញនៅឡើយ ប្រហែលជាម្ចាស់នៅ ឆ្ងាយមិនមែននៅជិតៗនោះទេ ហើយគាត់ក៏មិនបានប្ដឹងនគរបាលឡើយ៕
https://youtu.be/HEW2uzh82xs

មតិយោបល់