ព័ត៌មានជាតិ

បុរសម្នាក់មានទោស ព្រោះបាត់ឆ្កែ!

ភ្នំពេញៈ បុរសជាម្ចាស់ឆ្កែម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវ ឃាត់ខ្លួន បន្ទាប់ពីរូបគេយកកូនកាំបិតចំនួន២ដេញចាក់ជនរងគ្រោះមិនសម្រេច ដោយចោទជនរងគ្រោះថា យកឆ្កែរបស់ខ្លួន តែគ្មានភស្តុតាង។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី២១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ គើង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅផ្ទះជួលភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។ ចំណែកជនរងគ្រោះទី១ឈ្មោះ ឌិន វ៉េវ ភេទប្រុស អាយុ២៤ឆ្នាំ ទី២ឈ្មោះ មាន ភេទប្រុស អាយុ២៤ឆ្នាំ អ្នកទាំង២ស្នាក់នៅផ្ទះជួល ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យអ្នកសារព័ត៌មានដឹងថា នៅមុនពេលកើតហេតុ រូបគេទាំង២នាក់ត្រូវឆ្កែរបស់ជនបង្កដេញខាំ ហើយពួកគេបានយកដំបងដេញវាយតែមិនត្រូវនោះទេ ក្រោយមកបាត់មិនឃើញឆ្កែនោះចូលផ្ទះ ស្រាប់តែម្ចាស់ឆ្កែមករករឿងពួកគេចោទថាពួកគេជាអ្នកលួចឆ្កែក៏ទាស់ពាក្យសំដីគ្នាឈានដល់ជនបង្ករខាងលើយកកូនកាំបិតដេញចាក់ពួកគេហើយដោយមានការភ័យខ្លាចក៏រត់មកប្តឹងនៅប៉ុស្តិ៍ឬស្សីកែវឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ក្រោយពីជនរងគ្រោះបានមកប្តឹងហើយនោះ សមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវបានទៅឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅប៉ុស្តិ៍ឬស្សីកែវនិងកសាងសំណុំរឿងចាត់ការតាមនីវិធីច្បាប់តែម្តង៕

មតិយោបល់