ភ្នំពេញៈ បុរស៣នាក់ ចេញពីហូបអីនៅជិតស្ពានជ្រោយចង្វារ ចៃដន្យម៉ូតូបែកកង់ក៏ចុះបណ្តើរ ស្រាប់តែមានរថយន្តឡិចស៊ីស៣៣០មួយគ្រឿង មិនចាំស្លាកលេខ បុកពីក្រោយបណ្តាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៥ព្រឹកថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦A សង្កាត់ព្រែកលៀប ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ ទល់មុខក្រុមហ៊ុនលក់ត្រាក់ទ័រគូបូតា ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានបុរស៣នាក់ចេញពីកន្លែងហូបអីនៅជិតស្ពានជ្រោយចង្វារ បម្រុងនឹងទៅផ្ទះវិញតែចៃដន្យជិះបានពាក់កណ្តាលផ្លូវម៉ូតូឌ្រីមសង់សេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ ២០១៥ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1FV-6877 ក៏បានបែកកង់ហើយបុរស២នាក់ក៏ដើរបុរសម្នាក់ជាជនរងគ្រោះបានបណ្តើរម៉ូតូកៀនផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស៣៣០ ពណ៌ស មួយគ្រឿងមិនចាំស្លាកលេខ បើកក្នុងល្បឿនលឿនក៏បានរេចង្កូតមកបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ដែរបណ្តើរម៉ូតូនោះខ្ទាតប្រហែលជា១០ម៉ែត្រពីកន្លែងកើតហេតុស្លាប់ភ្លាមៗនៅនឹងកន្លែងហើយរថយន្តក៏បានបន្តបើករត់គេចខ្លួនបាត់ស្រមោលឆឹងដោយសុវត្ថិភាព ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ រឿន ថេន អាយុ ៥៤ឆ្នាំ មុខរបរ ជាងម៉ៅការសំណង់ ស្នាក់នៅ ភូមិចំបក់មាស ឃុំអូលើ ស្រុក កោះដាច់ ខេត្តកណ្តាល ។
ក្រោយពេលកើតហេតុមិត្តភក្តិដែរចេញពីហូបអីជាមួយគ្នា បានទាក់ទងទៅសាច់ញាតិដើម្បីយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី និងយកម៉ូតូទៅរក្សាទុកនិងតាមស្រាវជ្រាវរករថយន្តបង្កឲ្យមកធ្វើការដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕
មតិយោបល់